photo of អ៊ុក សុធី
​កីឡាករ អ៊ុក សុធី ហៅ​រហស្សនាម​ថា​ Messi

ក្រុម​ជើង​ឯក​៦សម័យកាល​ភ្នំពេញក្រោន កំពុង​តែ​ឈរ​ចំណាត់​ថ្នាក់​លេខ៧ បណ្តោះអាសន្ន​ ក្នុង​ចំណោម​សមាជិក​ទាំង​១២ ​នៃ​​ពានរង្វាន់​លីគកំពូលកម្ពុជា Metfone Cambodian League 2018 ក្រោយ​ប្រកួត​ឈ្នះ​បាន​៤លើក ស្មើ​គ្នា​៣លើក និង​ចាញ់​៣លើក។ ​ប្រធាន​ក្រុម​ គឺ​កីឡាករ អ៊ុក សុធី ហៅ​រហស្សនាម​ថា​ Messi បាន​សម្លឹង​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​ក្រុម​នៅ​តំបន់​ប្រយុទ្ធ ។

Messi ភ្នំពេញក្រោន បាន​លើក​ឡើង​នៅ​លើ​វិបសាយ​ផ្លូវការ​របស់​ក្លិប​​ថា “មែនទែនក្រុម​របស់​យើង​លេង​មាន​ការ​យល់​ចិត្ត​គ្នា​បាន​ល្អ ប៉ុន្តែការបញ្ចប់ទីរបស់យើងនូវមានកម្រិត​ ដូចជា​ពេល​ខ្លះ​យើង​មាន​ឱកាស​តែ​យើង​មិន​មាន​លទ្ធភាពក្នុងការទាត់បញ្ចូលទីគូប្រកួតបាន”។ យ៉ាងណាក្តី​កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​ បាន​ប្តេជ្ញា​ចិត្ត​ថា ​គេ​នឹង​ខិតខំ​កែប្រែ​ចំណុច​ខ្វះខាត​ ហើយ​ព្យាយាម​ហ្វឹកហាត់​បន្ថែម​ទៀត​ ដើម្បី​ជួយ​ក្រុម​នាពេល​ប្រកួត​ក្រោយៗ ដែល​នៅ​សល់ ។

សរុប​១០ប្រកួត​មក​នេះ ​ភ្នំពេញក្រោន បាន​ឈ្នះ​សូលទីឡូអង្គរ ១ទល់០ ហើយ​ឈ្នះ​ក្រុម​ក្រសួងការពារជាតិ ២ទល់០ តែ​ស្មើ​ជាមួយ​វិសាខា ០ទល់០ ចាញ់​ណាហ្គាវើល ១ទល់០ ចាញ់​ព្រះខ័នរាជស្វាយរៀង ៦ទល់៣ ឈ្នះ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ៤ទល់០ ស្មើ​គ្នា​ជាមួយ​អាស៊ីអឺរ៉ុប ១ទល់១ ឈ្នះ​វេស្ទើនភ្នំពេញ ១ទល់០ ចាញ់​បឹងកេត ៣ទល់២ និង​ចុងក្រោយ​ស្មើ​គ្នា​ ជាមួយ​អគ្គីសនីកម្ពុជា ០ទល់០ ។

តាម​គម្រោង​​ប្រកួត​បន្ទាប់​ក្រុម​ភ្នំពេញក្រោន ប្រចាំ​សប្ដាហ៍​ទី១១ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ត្រូវ​ធ្វើដំណើរ​​ទៅ​កាន់​ខេត្ត​សៀមរាប ដើម្បី​ប៉ះ​ជាមួយ​ម្ចាស់​ផ្ទះ​អង្គរថាយហ្គឺរ វេលា​ម៉ោង​៣៖៣០នាទី​រសៀល ថ្ងៃ​សៅរ៍ ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៨ នៅលើ​ទីលាន​កីឡដ្ឋាន​ខេត្ត​សៀមរាប៕

photo of អ៊ុក សុធី
​កីឡាករ អ៊ុក សុធី ហៅ​រហស្សនាម​ថា​ Messi