Josep Maria Bartomeu ​ប្រធាន​ក្លឹប​ FC Barcelona ​​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​មម្សិល​មិញ​ថា ​​​​​​​ក្លឹប​អ្នក​មាន​បុណ្យ​មិន​បាន​​​ចង​លក្ខខ័ណ្ឌ​អ្វី​ពិសេស​ដែល​​មិន​ឲ្យ​ Lionel Messi ​​ចាក​ចេញ​ទៅ​ណា​បាន​នោះ​ទេ ​​​​ផ្ទុយ​ទៅ​វិញ​​​​ប្រធាន​ក្រុម​អាហ្សង់ទីន​ អាច​មាន​សេរីភាព​​ពេញ​លេញ​ ក្នុង​ការ​ជ្រើស​រើស​ក្លឹប​ថ្មី​បាន នៅ​ពេល​កុងត្រា​បញ្ចប់​ បើ​សិន​ជា​រូប​គេ​​​ចង់។

 photo og Josep Maria Bartomeu
លោក Josep Maria Bartomeu ​ប្រធាន​ក្លឹប​ FC Barcelona

Messi ​​នៅ​ជាប់​កុងត្រា​ជាមួយ​ Barcelona ​​ដល់​ឆ្នាំ​២០២១ ​​​​​​ហើយ​​​សារព័ត៌មាន​ El Pais ​​បាន​​​ចុះ​ផ្សាយ​​កាល​ដើម​សប្តាហ៍​កន្លង​ទៅ​ថា ​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ អាច​នឹង​ចាក​ចេញ​ពី Nou Camp ទៅ​​ក្លឹប​ថ្មី​ដោយ​​គ្មាន​តម្លៃ​ខ្លួន​ (Free Transfer) នៅ​ពេល​ចប់​កុងត្រា។

photo of Lionel Messi ​​
Lionel Messi ​​

លោក​ Bartomeu ​​បាន​និយាយ​ថា៖ “Messi ​​ចុះ​​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២១។ វា​ជា​កិច្ច​ព្រមព្រៀង​ដែល​មាន​តែ​ក្នុង​រដូវ​កាល​​​ក្នុង​ឆ្នាំ​ទាំង​នោះ​ទេ…​គាត់​មាន​សិទ្ធិ​ចាក​ចេញ​​​​ដោយ​គ្មាន​តម្លៃ​ខ្លួន (នៅ​ពេល​ចប់​កុងត្រា)។ គាត់​មាន​សេរីភាព​ពេញ​លេញ​ដើម្បី​សម្រេច​ចិត្ត​រឿង​អនាគត​របស់​គាត់ ប៉ុន្តែ​​ខ្ញុំ​គ្មាន​មន្ទិល​សង្ស័យ​ទេ ​​​ហើយ​ខ្ញុំ​ជឿ​ថា​គាត់​នឹង​បន្ត​នៅ​ទីនេះ​ច្រើន​ឆ្នាំ​ទៀត”៕