លោក​ Angel Torres ប្រធាន​ក្លឹប​ Getafe បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ភ្នាក់ងារ​កីឡាករ​របស់​ខ្សែ​ប្រយុទ្ធ​ Gareth Bale បាន​ផ្ដល់​ Bale មក​កាន់​ក្លឹប​លោក​។

Gareth Bale
Gareth Bale

លោក​ Torres បាន​និយាយ​ថា​៖” អ្នក​ខ្លះ​គិត​ថា​រឿង​ហ្នឹង​ជា​រឿង​កំប្លែង​ តែ​កាល​ពី​៤៥ ឬ​ ៥០នាទី​មុន​ ខ្ញុំ​បាន​និយាយ​ជា​មួយ​ភ្នាក់ងារ​របស់​ Bale ហើយ​គេ​ក៏​បាន​ផ្ដល់​ Bale ហ្នឹង​ឲ្យ​កាន់​ក្លឹប​យើង​។ វា​មិន​មែន​ជា​លេង​សើច​ទេ​ “។

លោក​បាន​បន្ត​ថា​៖” ខ្ញុំ​នឹង​ពិចារណា​រឿង​ហ្នឹង​ជា​មួយ​គ្រ​បង្គោល​ខ្ញុំ​។ ខ្ញុំ​មិន​ដឹង​ថា​គេ​នឹង​មក​ក្លឹប​យើង​ឬ​ក៏​អត់​ទេ​ តែ​ច្បាស់​ណាស់​អាច​មាន​ឱកាស​កើត​ឡើង​មក​យើង​មែន​។ ពួក​គេ​បាន​ផ្ដល់​ Bale មក​យើង​ ហើយ​ខ្ញុំ​ក៏​ស្ដាប់​យក​ចិត្ត​ទុក​ដាក់​។ ចាប់​ពី​ពេល​នេះ​ ខ្ញុំ​នឹង​គិត​គូរ​ជា​មួយ​គ្រូ​បង្គោល​ខ្ញុំ​។ អ្វី​ៗអាច​នឹង​កើត​ឡើង​ចាប់​ពី​ពេល​នេះ​ “។

Bale នឹង​ចាកចេញ​ពី​ Real នៅ​រដូវកាល​ថ្មី​ខាង​មុខ​ ក្រោយ​ផ្លាស់មក​ក្លឹប​នេះ​តាំង​ពី​ឆ្នាំ​២០១៣មក​ ដោយ​ចូល​រួម​លេង​បាន​ ២៥៨ប្រកួត​ និង​ស៊ុត​ចូល​១០៦គ្រាប់​។ កីឡាករ​នេះ​ឈ្នះ​ពាន​តូច​ធំ​ជា​មួយ​ក្លឹប​នេះ​ច្រើន​ឲ្យ​ដោយ​ជា​ពិសេស​គឺ​ពាន​ធំ​ៗ​ដូច​ជា​ Champions League ឈ្នះ​រហូត​ទៅ​ដល់​៥ដង​ និង​ La Liga ចំនួន​៣ដង​៕