លោក ឈី កុលបុត្រា អនុប្រធានលេខាធិការរដ្ឋាននៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបង្ហើបថា ប្រាក់រង្វាន់ក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២០ នឹងត្រូវដំឡើងច្រើនជាងមុន តែក្នុងទំហំជាក់លាក់ប៉ុន្មាននោះ លោកមិនទាន់លម្អិតនោះទេ។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមុនបើកការប្រកួតរដូវកាលថ្មី នៃលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នាពេលឆាប់ៗខាងមុខ។

photo of លីគកំពូលកម្ពុជា
លីគកំពូលកម្ពុជា

ថ្លែងក្នុងសន្និសីទសារ័ត៌មានមុនបើករដូវកាល២០២០ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ និងពានរង្វាន់ជម្រើសជើងឯកមិត្តហ្វូនខេមបូឌានលីគ ដែលធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១០:៣០នាទីព្រឹក នៅពហុកីឡដ្ឋានជាតិ លោក ឈី កុលបុត្រា បានបង្ហើបថា ប្រាក់រង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០២០ នេះនឹងមានការកើនឡើង ( សម្រាប់តែក្រុមជើងឯក ) ប៉ុន្តែចំពោះចំនួននៃការកើនឡើងដល់កម្រិតណានោះលោកមិនទាន់អាចបង្ហើបឲ្យដឹងនៅឡើយទេ ដោយសារនៅមានការពិភាក្សា ការសិក្សាបន្ថែមជុំវិញលទ្ធភាពនៃការបង្កើនប្រាក់រង្វាន់។

បន្ថែមក្រៅពីការតម្លើងប្រាក់រង្វាន់ គណៈកម្មការក៏មាននឹងបន្ថែមចំនួនមេដាយ សម្រាប់ក្រុមទទួលជ័យលាភីផងដែរ ដោយនឹងតម្លើងពី ៣៥មេដាយ សម្រាប់ក្រុមនីមួយៗ ទៅដល់ ៤០មេដាយ។

មន្ដ្រីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជារូបនេះបាននិយាយថា «ពាក់ព័ន្ធនឹងរឿងប្រាក់រង្វាន់ ឥឡូវថ្នាក់ដឹកនាំ និងគណៈកម្មការ កំពុងតែត្រួតពិនិត្យ ព្រោះវាអាស្រ័យទៅលើការឧបត្ថម្ភ។ ប៉ុន្ដែសម្រាប់រដូវកាលឆ្នាំ២០២០ យើងនឹងមានការកែសម្រួល មានន័យថា យើងនឹងដំឡើង គ្រាន់តែឡើងប៉ុន្មាន ក្រុមការងារនឹងបញ្ជាក់ជូនតាមក្រោយ ព្រោះយើងកំពុងពិនិត្យទៅលើចំនួន នៃការឧបត្ថម្ភ»។ តែលោកថា ប្រាក់រង្វាន់ក្រុមលេខ២ និងលេខ៣ គឺរក្សានៅដដែល។

photo of ឈី កុលបុត្
លោក ឈី កុលបុត្រា អនុប្រធានលេខាធិការរដ្ឋាននៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)

សូមបញ្ជាក់ថាលីគកំពូលកម្ពុជា រដូវកាល២០២០ នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានក្រុមចំនួន ១៣ចូលរួមប្រកួត ចំណាយពេល ២៦សប្ដាហ៍ ( មិនគិតថ្ងៃឈប់សម្រាកបុណ្យជាតិ និងការប្រមូលផ្ដុំក្រុមជម្រើសជាតិ ) និងបញ្ចប់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០៕