photo of ប្រាក់ មុន្នីឧត្តម
ប្រាក់ មុន្នីឧត្តម ក៏ត្រូវបានក្លឹប Negeri Sembilan បញ្ចប់កុងត្រាមុនកាលកំណត់

កីឡាករ ប្រាក់ មុន្នីឧត្តម បានក្លាយជាកីឡាករទី៣ ដែលក្លិបក្នុងក្របខ័ណ្ឌកំពូលនៃក្របខ័ណ្ឌម៉ាឡេស៊ី (MSL) បានបញ្ចប់កិច្ចសន្យាមុន ថ្ងៃកំណត់ បន្ទាប់ពីកីឡាករ កែវ សុខផេង នឹងខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា។  នេះបើយោងតាមការផ្សព្វផ្សាយជាសាធារណៈរបស់ក្លឹបកំពុងឈរបាត់តារាងលីគកំពូលម៉ាឡេស៊ី លើបណ្ដាញទំនាក់ទំនងសង្គមកាលពីម្សិលមិញ។

ឧត្ដម បានចូលរួមជាមួយក្លិបដែលស្ថិតក្នុងលីកកំពូលម៉ាឡេស៊ី នេះ កាលពីដើមឆ្នាំកន្លងទៅ ប៉ុន្ដែមិនទាន់អាចបង្ហាញទម្រង់លេងឲ្យពេញចិត្ដគ្រូបង្វឹកនៅទីនោះឡើយ។ អតីតកីឡាកររបស់ក្រុមព្រះខ័នរាជស្វាយរៀងនេះ ចូលលេងបានត្រឹម ៥ប្រកួតប៉ុណ្ណោះ និងមិនអាចរកគ្រាប់បាល់បានឡើយ។

ខ្សែប្រយុទ្ធ​សញ្ជាតិហ្វីលីពីន កីឡាករ Angel Guirado បាន​ចូលខ្លួន​មក​ជំនួស មុន្នីឧត្តម នៅក្នុងក្លឹបបាតតារាង​ក្នុង​ MSL ដែល​បាន​បញ្ចប់​កុងត្រា​ជាមួយកីឡាករ​ខ្សែការពារសញ្ជាតិឡេតូនី Renars Rode។

គួរដឹងថា ក្រោយកីឡាករ ចាន់ វឌ្ឍនាកា ចាកចេញពីក្លឹប Pahang FA ខណៈកីឡាករ កែវ សុខផេង ចាកចេញពីក្លឹប PKNP និងកីឡាករ ប្រាក់ មុន្នីឧត្តម ដើរចេញពីក្លឹប Negeri Sembilan ពេលនេះសល់កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ម្នាក់គត់ ដែលនៅបន្ដលេងឲ្យក្លឹបសមាជិកលីគកំពូលម៉ាឡេស៊ី គឺក្លឹប Terengganu FC ។ ដូច្នេះចាំមើលបន្ដ តើវាសនា ធារី អាចល្អប្រសើរជាងកីឡាករមិត្តរួមជាតិទាំង ៣រូបខាងលើ ឬយ៉ាងណា?

photo of  ប្រាក់ មុន្នីឧត្តម
ប្រាក់ មុន្នីឧត្តម