photo of ប្រាក់ មុន្នីឧត្តម
ប្រាក់ មុន្នីឧត្តម

សមាជិក​ជម្រើស​ជាតិ​កម្ពុជា​  អតីតសមាជិកក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ ប្រាក់ មុន្នីឧត្តម ត្រូវបានអ្នកជិតស្និទ្ធរបស់ខ្លួនបង្ហើបថា គ្រោងចាកចេញពីក្លឹប Negeri Sembilan FA សមាជិកលីគកំពូលម៉ាឡេស៊ី នាពាក់កណ្ដាលរដូវកាលខាងមុខនេះ ដោយសារការបារម្ភរឿងម្យ៉ាង គឺការធ្លាក់ចុះនូវទម្រង់លេងរបស់ខ្លួន។

អ្នក​ជិត​សិទ្ធិ​នឹង​ប្រាក់​ មុន្នីឧត្តម​ បាន​និយាយ​ប្រាប់​​ថា ប្រាក់ មុន្នីឧត្តម​ ពិត​ជា​ចង់​ចេញ​ពី​ក្លឹប​ Negeri Sembilan FA មែន​​នៅ​ពេល​លីគ​កំពូល​ម៉ាឡេស៊ី​​ចប់​ជើង​ទី​១​នា​ពេល​ខាង​មុខ​ បន្ទាប់​ពី​​ផ្លាស់​ចេញ​ពី​ព្រះ​ខ័នរាជ​ស្វាយរៀង​ទៅ​ទី​នោះ​តាំង​ពី​ដើម​រដូវ​កាល​២០១៨។

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា​ អតីត​សមាជិក​ព្រះ​ខ័នរាជ​ស្វាយរៀង​នេះ​បារម្ភ​ធ្លាក់​ចុះ​សមត្ថភាព​កាន់​តែ​ខ្លាំង​ បន្ទាប់​ពី​លេង​មួយ​រយៈ​ពេល​នៅ​ក្លឹប​ម៉ាឡេស៊ី​មួយ​នេះ។ តាំង​ពី​លីគ​កំពូល​ម៉ាឡេស៊ី​ចាប់​ផ្តើម​រដូវ​កាល​២០១៨​នេះ​មាន​រយៈ​៧​សប្តាហ៍​ហើយ​ ប៉ុន្តែ​ក្លឹប​ Negeri Sembilan ​ឈ្នះ​១​ ស្មើ​១​ និង​ចាញ់​៤​​ដែល​មាន​៤​ពិន្ទុ​​កំពុង​ស្ថិត​នៅ​បាត​តារាង​​ក្នុង​ចំណោម​១២​ក្លឹប៕ យ៉ាងណាក៏ដោយ ជុំវិញព័ត៌មានលម្អិតនេះ នៅមិនទាន់ទទួលបានការបញ្ជាក់ពីសាមីខ្លួនផ្ទាល់គឺកីឡាករ ប្រាក់ មុន្នីឧត្តម នោះទេគ្រាដែលរូបគេកំពុងស្ថិតនៅប្រទេសម៉ាឡេស៊ីនៅឡើយ។