ប្រាក់ មុន្នីឧត្តម ផ្ទេរទៅលេងនៅម៉ាឡេស៊ី ដូចមិត្តរួមជាតិ៣នាក់ទៀត
កីឡាករជម្រើសជាតិកម្ពុជា ប្រាក់ មុន្នីឧត្តម បានចុះកិច្ចសន្យាលេងឲ្យក្លិបក្របខណ្ឌលីគកំពូលម៉ាឡេស៊ី Negeri Sembilan F.A ដោយចុះកុងត្រា ១រដូវកាល (២០១៨-២០១៩) ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុមព្រះខ័នរាជស្វាយរៀង ក្រោយមានការទាក់ទងភ្លាមៗពីសំណាក់ក្រុមចំណូលថ្មី នៃក្របខណ្ឌលីហ្គកំពូលម៉ាឡេស៊ីមួយនេះ និងមានជំរុញគាំទ្របន្ថែមពីថ្នាក់ដឹកនាំក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៧នេះផងដែរ

កិច្ចសន្យាជាមួយក្រុម Negeri Sembilan កាលពីចុងសប្ដាហ៍កន្លងទៅ ប្រាក់ មុន្នីឧត្តម បានឲ្យដឹងពីប្រទេសម៉ាឡេស៊ីថា កុងត្រាខាងលើគឺបានកើតឡើងភ្លាមៗ ក្រោមមានការទាក់ទងពីថ្នាក់ដឹកនាំក្រុម Negeri Sembilan ក្នុងរយៈពេលខ្លីបំផុត។ យ៉ាងណាមិញកុងត្រានេះគ្រាន់តែជាលក្ខណៈខ្ចីជើងប៉ុណ្ណោះ ខណៈខ្លួនមិនបានចាកចេញ ឬផុតកុងត្រាជាមួយក្រុមព្រះខ័នរាជស្វាយរៀងនោះទេ។ ផ្ទុយទៅវិញថ្នាក់ដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ថែមទាំងជំរុញរូបគេឲ្យទៅលេងនៅម៉ាឡេស៊ីទៀតផង។ កីឡាករទើបឈ្នះពានកីឡាករល្អជាងគេប្រចាំពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៧ បានបន្ថែមថា ជាមួយនឹងការសម្រេចចិត្តទៅលេងនៅម៉ាឡេស៊ី ជាមួយកីឡាករមិត្តរួមជាតិ ចាន់ វឌ្ឍនាកា, កែវ សុខផេង និង ធារី ចន្ថាប៊ីន នេះដែរ ខ្លួននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ក្នុងនោះក៏ទទួលបានប្រាក់ខែក្បែរ ១ម៉ឺនដុល្លារផងដែរ

សូមបញ្ជាក់ថា ប្រធានក្រុមព្រះខ័នរាជស្វាយរៀងរូបនេះគឺជាកីឡាករកម្ពុជាទី៤ ហើយ ដែលបានចុះកុងត្រាជាមួយក្រុមសមាជិកលីហ្គកំពូលម៉ាឡេស៊ីនារដូវកាលថ្មីនេះ ខណៈកីឡាករមិត្តរួមជាតិ ៣រូបផ្សេងទៀតគឺមានកីឡាករ ចាន់ វឌ្ឍនាកា លេងឲ្យក្លឹប Pahang FA, កីឡាករ កែវ សុខផេង លេងឲ្យក្លឹប PKNP FC និងកីឡាករ ធារី ចន្ថាប៊ីន លេងឲ្យក្លឹប Terengganu FC៕
គួរបញ្ជាក់ថា ក្រោយការចាកចេញរបស់ប្រធានក្រុមរូបនេះ ព្រះខ័នរាជស្វាយរៀងបាននាំចូលកីឡាករថ្មីចំនួនពីររូបដើម្បីជំនួសកៅអីរបស់គេត្រៀមប្រជែងជើងឯកនៅឆ្នាំនេះ។ កីឡាករទាំងពីរនោះរួមមានខ្សែប្រយុទ្ធ Shane Booysen មកពីភ្នំពេញក្រោន និងកីឡាករ សួន សុវណ្ណ មកពីវេស្ទើនភ្នំពេញ៕