សារព័ត៌មានដ៏ធំរបស់អង់គ្លេសបានចុះផ្សាយពីពីម្សិលមិញថា អាវរដូវកាលថ្មីរបស់ក្រុមបិសាចក្រហម Manchester United ដែលផលិតនៅប្រទេសកម្ពុជា គឺលក់មួយក្នុងតម្លៃដល់ទៅ ១១០ផោន (១៤២ដុល្លារអាមេរិក) ប៉ុន្ដែថៃ្លពលកម្មដែលក្រុមហ៊ុនផ្ដល់អោយកម្មករវិញ ក្នុង១សប្ដាហ៍គឺត្រឹម៦៤ផោន (៨៣ដុល្លារប៉ុណ្ណោះ)។

photo of Manchester United
អាវក្លឹប Manchester United រដូវកាលថ្មី

ជារៀងរាល់ឆ្នាំអ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United ទាំងក្មេង យុវជន និងចាស់ តែងតែទិញអាវរបស់ក្លឹបបិសាចក្រហម Manchester United។ ហើយអាវសម្រាប់រដូវកាលថ្មីរបស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរិះគន់ថា មានតម្លៃថ្លៃដែលអាវមួយមានតម្លៃដល់ទៅ 110ផោន ពោលគឺថ្លៃជាងរាល់រដូវកាល។

ក្រឡែកមកដឹងការផលិតអាវវិញ ឈុតសំលៀកបំពាក់របស់ក្លឹបបិសាចក្រហម Manchester United គឺផលិតផលរបស់ក្រុមហ៊ុន Adidas ដែលមានមូលដ្ឋានផលិតនៅប្រទេសកម្ពុជា និងផលិតឡើងដោយកម្មករ-កម្មការិនីខ្មែរ។ អាវដែលផលិតហើយត្រូវបានចែកចាយទៅជុំវិញពិភពលោក ដោយអាវ 1 មានតម្លៃ 110 ផោន (ជិត 150 ដុល្លារ)។ ចំណែកឯថ្លៃពលកម្មសម្រាប់កម្មករ-កម្មការិនី ដែលផលិតអាវឲ្យក្លឹបបិសាចក្រហម Manchester United វិញគឺទទួលបានប្រាក់ឈ្នួលពលកម្មត្រឹមតែ 40 ដុល្លារតែប៉ុណ្ណោះក្នុងមួយសប្ដាហ៍ នេះយោងតាមតួលេខដែលគេហទំព័រ Daily Mail ទទួលបានពីសារពត៌មានក្នុងស្រុក។ បន្ទាប់ពីដឹងពីស្ថានភាពពិតរបស់កម្មករ-កម្មការិនីរោងចក្រ ដែលផលិតសំលៀកបំពាក់ឲ្យក្លឹបបិសាចក្រហម Manchester United រួចនោះ ក្លឹបបិសាចក្រហម Manchester United ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅក្នុងបណ្ដាញសង្គមនានា។

photo of Manchester United
អាវក្លឹប Manchester United រដូវកាលថ្មី

ស្រ្ដីដែលជាកម្មការីនីទាំងអស់នោះបានអះអាងថា ពួកគេជារឿយៗស៊ូទ្រាំនឹងលក្ខខណ្ឌការងារដ៏លំបាករបស់រោងចក្រ ដើម្បីទទួលបានប្រាក់កំរៃតិចតូចសម្រាប់ខ្លួនឯង និងថ្លៃផ្ទះជួល។ កម្មការីនីខ្លះបាននិយាយប្រាប់សារពត៌មាន Daily Mail ថា៖ ក្នុងរោងចក្រគឺក្ដៅណាស់ ហើយតែងតែមានអ្នកដួលសន្លប់ជាច្រើននាក់ពេលកំពុងធ្វើការដោយសារតែពួកគេនឿងហត់នឹងការងារ។ ចំណែកឯកម្មការិនីខ្លះខំប្រឹងសំលឹងបំពេញការងាររហូតដល់១០ម៉ោងក្នុងមួយថ្ងៃ ហើយបើផលិតមិនទាន់គោលដៅ ដែលរោងចក្រដាក់ឲ្យទេ កម្មករ-កម្មការិនីទាំងនោះនឹងត្រូវរងការស្តីបន្ទោសមិនខាន។

photo of Manchester United
អាវក្លឹប Manchester United រដូវកាលថ្មី