ក្លឹបបាល់ទាត់វិសាខា ទើបតែបានបញ្ចេញនូវឯកសណ្ឋានថ្មី សម្រាប់រដូវកាលឆ្នាំ២០២០ ជាផ្លូវការ ដោយរួមបញ្ចូលជាមួយនឹងការផ្លាស់ប្ដូរដៃគូផលិតសម្លៀកបំពាក់ថ្មីផងដែរ កាលពីល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ។

ក្លឹបបាល់ទាត់វិសាខា
ក្លឹបបាល់ទាត់វិសាខា

ជាការកត់សម្គាល់ឯកសណ្ឋានក្នុងទឹកដី និងក្រៅទឹកដីថ្មី និងឯកសណ្ឋានទី៣, ឯកសណ្ឋានអ្នកចាំទី រួមទាំងឯកសណ្ឋានធ្វើដំណើរ និងឯកសណ្ឋានហ្វឹកហាត់ គឺជាផលិតផលរបស់ក្រុមហ៊ុន Forward Sportswear របស់ប្រទេសកម្ពុជា ដែលជាផលិតផលក្នុងស្រុកថ្មី បន្ទាប់ពីបានប្រកាសពីការចាប់ដៃគូជាមួយគ្នាជាផ្លូវការ កាលពីថើមឆ្នាំ២០២០ រួចមក។

គួរបញ្ជាក់ថា វិសាខា ត្រូវបានដឹងថាជាក្រុមប្រកបអាជីពនៅលីគកំពូលកម្ពុជា ដំបូងគេដែលបានប្រើប្រាស់ផលិតផលក្នុងស្រុក NT រយៈពេលប្រមាណ ៣ឆ្នាំមកហើយ ខណៈឆ្នាំនេះក្លឹបបានសម្រេចមកប្រើប្រាស់ផលិតផលរបស់កម្ពុជា មួយផ្សេងទៀតដែលទើបតែបង្កើតឡើង។

បន្ថែមលើការបង្ហាញនូវឯកសណ្ឋានថ្មី ក្លឹបក៏បានប្រកាសប្ដូរឈ្មោះកីឡដ្ឋានថ្មី ផងដែរ ដោយនឹងប្ដូរពីឈ្មោះ កីឡដ្ឋានវិសាខា ទៅជាកីឡដ្ឋានព្រីនស៍ ( Prince Stadium ) ដែលឈ្មោះដៃគូឧបត្ថម្ភដ៏ធំរបស់ក្លឹប៕