ផ្លូវការ! Kroos ចាកចេញឈប់លេងពីក្រុមជម្រើសជាតិអាល្លឺម៉ង់ហើយ
ខ្សែបម្រើអាល្លឺម៉ង់ Toni Kroos បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ហើយ នៅក្នុងថ្ងៃនេះ។ នេះបើតាមការបង្ហោះសាររបស់កីឡាកររូបនេះនៅក្នុងបណ្ដាញសង្គម។

កីឡាកររូបនេះបានសរសេរថា ខ្លួនបានគិតយូរហើយថានឹងឈប់លេងនៅក្នុងក្រុមជម្រើសជាតិក្រោយព្រឹត្តិការណ៍ UEFA Euro ឆ្នាំនេះ ហើយខ្លួនក៏គិតទុកក្នុងចិត្តរួចដែរថា ខ្លួននឹងមិនលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅឆ្នាំ២០២២ខាងមុខនោះទេ។
បន្ថែមពីលើនេះ កីឡាករដែលចំណាយពេល ១១ឆ្នាំជួយជម្រើសជាតិអាល្លឺម៉ង់បានសរសេរតទៀតថា ខ្លួនចង់ប្រើប្រាស់ពេលវេលាជាមួយគ្រួសារ ក៏ដូចជាជួយក្លឹប Real Madrid បន្ថែមទៀត។
Kroos លេងនៅអាល្លឺម៉ង់បាន ១០៦ប្រកួត និងរកបាន ១៧គ្រាប់ ហើយជាមួយគ្នានោះដែរ គេស្ថិតនៅក្រុមកំពូលអាល្លឺម៉ង់ក្នុងការលើកពាន World Cup ឆ្នាំ២០១៤ នៅប្រេស៊ីល៕