AFC Asian Cup 2019

ពានរង្វាន់បាល់ទាត់ដែលធំជាងគេបង្អស់នៅក្នុងទ្វីបអាស៊ី គឺ AFC Asian Cup នឹងចាប់ផ្តើមលើកទី ១៧ របស់ខ្លួន នាដើមឆ្នាំ ២០១៩ខាងមុខនេះហើយ ដែលធ្វើឡើងនៅប្រទេសអារ៉ាប់រួម ( UAE ) ពីថ្ងៃទី ៥ ខែ មករា ដល់ថ្ងៃទី ១ ខែ កុម្ភៈ ។

ប្រទេសនៅក្នុងតំបន់អាស៊ាន មានតែ ថៃ វៀតណាម និង ហ្វីលីពីន ប៉ុណ្ណោះដែលមានសិទ្ធិចូលរួម ខណៈដែលប្រទេសចំនួន ៨ ជាសមាជិកដទៃទៀតរួមទាំងកម្ពុជា មិនមានឱកាសឡើយ ដោយសារលទ្ធផលក្នុងការប្រកួតជម្រុះកន្លងមក ។

បើនិយាយអំពីកម្ពុជាវិញ ធ្លាប់បានចូលរួមប្រកួតក្នុងពានរង្វាន់មួយនេះ តែមួយលើកប៉ុណ្ណោះ គឺកាលពីឆ្នាំ ១៩៧២ ដោយកាលនោះមានឈ្មោះថា សាធារណរដ្ឋខ្មែរ ( Khmer Republic ) ហើយទទួលបានចំណាត់ថ្នាក់លេខ ៤ ដោយឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែចាញ់អ៊ីរ៉ង់ ២-១ និងចាញ់ថៃ វគ្គដណ្តើមចំណាត់ថ្នាក់លេខ ៣ ដោយបាល់កាត់សេចក្តី Penalty ៥-៣ ក្រោយពីស្មើគ្នានៅ ៩០នាទី ២-២ ។

ចាប់តាំងពីឆ្នាំ ១៩៧២​ នោះមក មិនទាន់មានក្រុមក្នុងតំបន់អាស៊ានណាមួយ អាចឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតឡើយ គ្រាដែលលក្ខន្តិកៈនៃពានរង្វាន់ តម្លើងសមាសភាពក្រុមចូលរួមរហូតដល់ ១៦ក្រុម ចាប់តាំងពីឆ្នាំ ២០០៤មក ៕