ការ​ប្រកួត​ពាន​រង្វាន់ Africa Cup of Nations បន្ទាប់​នឹង​​លេង​​នៅ​ប្រទេស​​កូឌីវ័រ​​ក្នុង​​ឆ្នាំ​២០២៤ មិន​មែន​ឆ្នាំ​២០២៣​ទេ។​ នេះ​បើ​តាម​ការ​ប្រកាស​របស់​​​ប្រធាន​សហព័ន្ធ​បាល់ទាត់​​​អាហ្វ្រិក​លោក Patrice Mostsepe។

ពាន​រង្វាន់ Africa Cup of Nations
ពាន​រង្វាន់ Africa Cup of Nations

តាម​គម្រោង​​ព្រឹត្តិការណ៍​នឹង​រៀបចំ​នៅ​ខែ​មិថុនា-កក្កដា ឆ្នាំ​២០២៣ ដែល​​ជា​រដូវ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ប្រទេស​​កូឌីវ័រ​​។ ដូច្នេះ​ហើយ​ទើប​មាន​ការ​ប្រកាស​​ពន្យារពេល​ ជាជាង​​ទទួល​យក​ហានិភ័យ។ មួយ​វិញ​ទៀត​ដោយ​សារ​តែ​ព្រឹត្តិការណ៍ World Cup ដែល​នឹង​រៀបចំ​នៅ​ប្រទេស​កាតា​ក្នុង​ខែ​វិច្ឆិកា-ធ្នូ​ឆ្នាំ​នេះ​ក៏​កាន់​តែ​ខិត​ជិត​មក​ដល់ សហព័ន្ធ​បាល់ទាត់​​​អាហ្វ្រិក​សម្រេច​រុញ​ការ​ប្រកួត​របស់​ខ្លួន​ទៅ​ឆ្នាំ​២០២៤​តែ​ម្ដង។

នេះ​មាន​​ន័យ​ថា ពាន Africa Cup of Nations នឹង​រៀបចំ​នៅ​ខែ​មករា​និង​កុម្ភៈ​ជា​លើក​ទី​ពីរ​ជាប់​គ្នា បន្ទាប់​ពី​​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​ក្នុង​ប្រទេស​កាមេរ៉ូន។ ជា​ការ​ពិត​ការ​ប្រកួត​នៅ​​ដើម​ឆ្នាំ​បែប​នេះ ប៉ះ​ពាល់​ដល់​​កីឡាករ​មួយ​ចំនួន​​ដែល​ប្រកប​អាជីព​នៅ​អឺរ៉ុប​ ប៉ុន្តែ​លោក Mostsepe បញ្ជាក់​ថា​ នេះ​គឺ​ជា​ជម្រើស​តែ​មួយ​​​ដែល​មាន៕