photo of ពាន​សម្ដេច ​ហេង ​សំរិន
ពាន​សម្ដេច ​ហេង ​សំរិន​ បើក​រដូវកាល​ថ្មី

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន រដូវកាលទី២ ឆ្នាំ២០១៨ បានរៀបចំកម្មវិធីចាប់គូរួចហើយ ដោយមាន ២១ក្រុមចូលរួម និងបែងចែកជា ៤ពូល គ្រាដែលការប្រកួត គ្រោងចាប់ផ្ដើមនាថ្ងៃទី២៦ ខែសីហាខាងមុខ។ ប៉ុន្ដែអ្វីដែលពិសេស គឺគណៈកម្មការរៀបចំការប្រកួត បានបង្កើនប្រាក់រង្វាន់សម្រាប់ក្រុមជើងឯករហូតដល់ទៅ ៣២លានឯណោះ។

photo of ពាន​សម្ដេច ​ហេង ​សំរិន
ពាន​សម្ដេច ​ហេង ​សំរិន​ បើក​រដូវកាល​ថ្មី

លោក ធុល នាង ទីប្រឹក្សារបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានថ្លែងថា គោលដៅក្នុងការបង្កើនប្រាក់រង្វាន់នេះ គឺដើម្បីលើកទឹកចិត្តដល់កីឡាករ មកពីគ្រប់ក្លឹបទាំងអស់ឲ្យប្រឹងប្រែងប្រកួតប្រជែង និងបំផុសស្មារតីដល់យុវជនឲ្យចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ។ មួយវិញទៀត គឺដើម្បីរួមចំណែកលើកស្ទួយវិស័យបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន។

photo of ពាន​សម្ដេច ​ហេង ​សំរិន
ពាន​សម្ដេច ​ហេង ​សំរិន​ បើក​រដូវកាល​ថ្មី

បន្ថែមលើនេះ លោកបានជំរុញ និងលើកទឹកចិត្តដល់កីឡាករគ្រប់ក្រុម ត្រូវព្យាយាមប្រកួតឲ្យអស់ពីសមត្ថភាព ក្នុងការបង្កើនសមត្ថភាព ពិសេសកីឡាករក្មេងៗ ដើម្បីវិវត្តន៍ឲ្យក្លាយជាកីឡាករអាជីពនាពេលអនាគត។ តែទន្ទឹមនឹងការប្រកួតប្រជែង ដើម្បីដណ្ដើមជ័យជម្នះ លោកក៏បានស្នើដល់គ្រប់ក្រុម ត្រូវគោរពឲ្យបាននូវគោលការណ៍ Fair-Play និងការយោគយល់ខ្ពស់បំផុត ដើម្បីរួមចំណែកធ្វើឲ្យដំណើរការប្រកួតពានរង្វាន់មួយនេះទទួលបានជោគជ័យ។

photo of ពាន​សម្ដេច ​ហេង ​សំរិន
ពាន​សម្ដេច ​ហេង ​សំរិន​ បើក​រដូវកាល​ថ្មី

សូមបញ្ជាក់ថា ចំពោះការប្រកួតរដូវកាលថ្មីនៃពានរង្វាន់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ឆ្នាំ២០១៨ ដែលនឹងចាប់ផ្ដើមការប្រកួតចុងខែសីហានេះ សម្រាប់ក្រុមជើងឯកទទួលបានប្រាក់រង្វាន់ ៣២លានរៀល, ក្រុមជើងឯករងទទួលបានប្រាក់រង្វាន់ ២០លានរៀល និងក្រុមលេខ៣ ទទួលបានប្រាក់រង្វាន់ ១៤លានរៀល។ លើសពីនេះ ក្រុមលេងល្អក៏ទទួលបានប្រាក់រង្វាន់ ៦លានរៀល, អ្នកស៊ុតចូលទីច្រើនជាងគេទទួលបាន ២លានរៀល និងអ្នកចាំទីល្អទទួលបានប្រាក់រង្វាន់ ២លានរៀលផងដែរ៕