photo of Soccer League
ពាន Soccer League

ពានរង្វាន់បាល់ទាត់ Soccer League លើកទី៥ ឆ្នាំ២០១៩ បានប្រកាសទទួលពាក្យចូលរួមហើយ ខណៈការប្រកួតគ្រោងធ្វើឡើង នាដើមខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក )។

សេចក្ដីជូនដំណឹងខាងលើ បានបញ្ជាក់ថា ការទទួលពាក្យចូលរួមប្រកួតពានរង្វាន់មិនអាជីពនេះ មានរយៈពេល ១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែកញ្ញា។ បន្ទាប់មកការប្រកួត គ្រោងនឹងរៀបចំពិធីបើក នៅថ្ងៃទី០២ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិ។

ចំពោះក្រុមមានសិទ្ធដាក់ពាក្យចូលរួម មានដូចជាក្រុម ស.ស.យ.ក ទូទាំង ២៥ រាជធានី-ខេត្ត, ក្រសួង, មន្ទីរ, ស្ថាប័ន និងខណ្ឌទាំងអស់ រហូតអនុញ្ញាតឲ្យក្រុមហ៊ុន សមាគម និងអង្គការនានាចូលរួមទៀតផង។ ប៉ុន្ដែកីឡាករទាំងអស់ ត្រូវមានសញ្ជាតិខ្មែរ និងមានអាយុ ១៧ឆ្នាំឡើង តែមិនអនុញ្ញាតឲ្យកីឡាករអាជីពចូលរួមឡើយ។

ដោយឡែកប្រាក់រង្វាន់ជ័យលាភី សម្រាប់ពានរង្វាន់ Soccer League លើកទី៥ វិញ លេខ១ ទទួលបាន ២០លានរៀល អមដោយមេដាយមាស និងពាន។ លេខ២ ទទួលបាន ១០លានរៀល និងលេខ៣ ទទួលបាន ៥លានរៀល។ មួយវិញទៀត ក៏មានពានជាក្រុម និងពានលក្ខណៈបុគ្គលជាច្រើនផងដែរ៕