ទីបំផុតរកឃើញក្រុមដែលត្រូវឡើងទៅប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ហ៊ុនសែនខាប់លើកទី១៣ ហើយ ខណះក្រុមព្រះខ័នរាជស្វាយរៀង ត្រូវតទល់ជាមួយ ក្រុមបឹងកេត ។

ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ( Metfone Cambodian League ) ៣ សម័យកាល ក្លឹបបាល់ទាត់បឹងកេត អ៊ែបស៊ី បានឡើងទៅកាន់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ហ៊ុនសែនខាប់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនតាំងពីបង្កើតក្លឹបនេះមក បន្ទាប់ពីទម្លាក់ក្រុមខ្លាំង វិសាខា កាលពីថ្ងៃទី១៨ ខែកញ្ញា ក្នុងលទ្ធផលស្ទើរមិនគួរឱ្យជឿ ៤-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ខណះក្រុមដែលឈ្នះពានរង្វាន់ហ៊ុនសែនខាប់នេះច្រើនជាងគេ ( ឈ្នះ ៤ ដង ) គឹក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានទម្លាក់ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦ សម័យកាល ភ្នំពេញក្រោន ទាំងព្រលឹងចុងសក់នៅក្នុងវគ្គបាល់កាត់សេចក្ដី ១១ ម៉ែត្រ ( ៥-៤ ) ក្រោយពីបញ្ចប់ម៉ោងធម្មតា ០-០ ។

ដូច្នេះ ក្លឹបព្រះខ័នរាជស្វាយរៀង នឹងត្រូវប៉ះជាមួយ ក្លឹបបឹងកេត នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខ ដែលការប្រកួតនឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីស្វែងរកម្ចាស់ជើងឯកពានរង្វាន់ហ៊ុនសែនខាប់លើកទី១៣ សម្រាប់រដូវកាល ២០១៩ នេះ ៕