តារាជើងចាស់នៃក្រុមជម្រើសជាតិកម្ពុជា ឃួន ឡាបូរ៉ាវី បានឈានដល់ការព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនដើម្បីចូលរួមក្លឹប Surat Thani FC នៅប្រទេសថៃ នៃរដូវកាលនេះ។

photo of ឃួន ឡាបូរ៉ាវី
ឃួន ឡាបូរ៉ាវី

ប្រធានក្រុមបឹងកេតដែលនឹងឈានចូលវ័យ៣០ឆ្នាំនាខែសីហាខាងមុខ អះអាងថាក្លិបថៃមួយនេះចង់បានរូបគេខ្លាំងនិងធានាកៅអីជម្រើស១១នាក់ដំបូងជាប់លាប់ដល់រូបគេ។

អតីត​កីឡាករ​របស់​ស្វាយ​រៀង​រូប​នេះ ​ជា​ម្ចាស់​ស្បែក​ជើង​មាស​៤​សម័យ​កាល​នៅ​ពាន​រង្វាន់ Hun Sen Cup ​ពោល​គឺ​ឆ្នាំ ​២០១១,២០១២,២០១៤និង២០១៧ បាននិយាយថា៖ «ខ្ញុំចង់សាកល្បងលេងនៅក្រៅប្រទេស តែក៏មិនចង់បានត្រឹមអង្គុយមើលការប្រកួតដែរ គឺខ្ញុំចង់លេងក្នុងជម្រើស១១នាក់ដំបូង។ គ្រូបង្វឹកចង់បានខ្ញុំនិងធានាកៅអីជម្រើសដំបូងដល់ខ្ញុំ»។

អតីតកីឡាករជម្រើសខេត្តកំពង់ចាមនិងក្លិបព្រះខ័នរាជស្វាយរៀង ដែលបានទៅធ្វើតេស្តនៅក្លិបនៃលីគកំពូលថៃ Ratchaburi Mitr Phol ម្ដងក្នុងខែមេសាកន្លងទៅ បន្ថែមថាគ្រូបង្វឹក Monthien Morrakot ចង់ឱ្យខ្លួនចូលលេងប្រកួតដំបូងនៅថ្ងៃទី៩ខែមិថុនា ដែលជាការប្រកួតទី១នៃជុំទី២ក្នុងក្របខ័ណ្ឌ Thai League 3៕

ប្រភពពី៖ keiladaily