បន្ទាប់ពីកីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហោះសារមួយឃ្លា លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីល្ងាចមិញ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ហើយបានដាក់ការសង្ស័យថា ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាពរូបនេះ ទំនងត្រូវចាកចេញពីបឹងកេត នារដូវកាលក្រោយ ។ សារធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនេះ បានសរសេរថា៖ «ពិតជាអរគុណណាស់សម្រាប់រយះពេលប៉ុន្មានឆ្នាំមកនេះ ហើយយើងអាចនិយាយថាគ្មានពេលជួបជុំណាមិនបែកគ្នាទេ» ។

photo of ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា បានបង្ហោះសារមួយឃ្លា លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន

ក្រោយឃើញសារនេះ អ្នកគាំទ្រភាគច្រើនបានដាក់ការសង្ស័យថា វឌ្ឍនាកា នឹងត្រូវចាកចេញពីបឹងកេត នារដូវកាលថ្មី ហើយពួកគេ ក៏បានជូនពរក្នុងដំណើរឆ្ពោះទៅរកទ្រនំថ្មីរបស់កូនប្រុសលោក ចាន់ ចេស្ដា អតីតអភិបាលខេត្តកំពតនេះផងដែរ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ កាលពីពេលថ្មីៗ មានប្រភពជិតស្និត នៃក្លឹបបឹងកេត បានបង្ហើបថា មានក្លឹបថៃមួយ បានទាក់ទងក្លឹប ក៏ដូចជាចង់បាន ចាន់ វឌ្ឍនាកា ទៅបង្គ្រប់កូតាកីឡាករអាស៊ាន សម្រាប់ត្រៀមរដូវកាលថ្មី តែលទ្ធផលយ៉ាងណា នៅមិនទាន់ដឹងនោះទេ ។ ប៉ុន្ដែស្របពេលកីឡាករហស្សនាម CV-11 បានបង្ហើបតម្រុយដូច្នេះ មានន័យថា ការចរចារវាងក្លឹប និងក្លឹប រួមទាំងកីឡាករផង អាចឈានដល់ដំណាក់កាលព្រមព្រៀងគ្នាហើយ ។

photo of ចាន់ វឌ្ឍនាកា
photo of ចាន់ វឌ្ឍនាកា

ដូច្នេះពាក់ព័ន្ធនឹងសារខាងលើ គឺស្ថិតក្នុងមន្ទិលសង្ស័យរបស់អ្នកគាំទ្រនៅឡើយ តែមានអ្នកខ្លះ បានអះអាងថា រដូវកាលថ្មីខាងមុខ ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ នឹងត្រូវចាកចេញពីបឹងកេត ទៅលេងឲ្យក្លឹបមួយ នៃលីគកំពូលថៃ ។ តែកីឡាករមានដើមកំណើតពីខេត្តកំពតរូបនេះ ធ្លាប់បានអះអាងថា ប្រសិនបើខ្លួន បន្ដអាជីពបាល់ទាត់ក្នុងស្រុក បឹងកេតនៅតែជាជម្រើសទី១ ។ ហេតុនេះបើ វឌ្ឍនាកា ប្ដូរទ្រនំថ្មីមែន មានន័យថា ភាគរយច្រើន គេមានតែទៅលេងក្រៅស្រុកប៉ុណ្ណោះ ៕