ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២របស់កម្ពុជាចាប់ផ្តើមនៅថ្ងៃនេះហើយ

ការប្រកួតកីឡាជាតិលើកទី២ (The 2nd National Games) គឺព្រឹត្តិការណ៍កីឡាដ៏ធំក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានប្រភេទវិញ្ញាសារកីឡាចំនួន ២៧ ចូលរួមប្រកួតប្រជែង នឹងរៀបចំពិធីបើកជាផ្លូវការនាថ្ងៃសុក្រ ទី២៥ ខែឧសភា នៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ និងគ្រោងបញ្ចប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ។ ការប្រកួតធ្វើឡើងនៅ រាជធានីភ្នំពេញ ខេត្តកែប កំពត និងខេត្តកំពង់ធំ។
ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជទានដល់កីឡាករ ឃុន ឌីម៉ា នៃពិធីបើកការប្រកួតកីឡាជាតិ លើកទី២ គឺត្រូវបានរៀបចំលក្ខណៈពិសេសអស្ចារ្យ និងអច្ឆរិយៈ ពុំដែលធ្លាប់មានពីមុនមក។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ការព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានភ្លើងគប់របស់ព្រះមហាក្សត្រ គឺជាការផ្ដល់នូវព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ក្រសួងស្ថាប័ន និងគ្រប់សហព័ន្ធកីឡាជាតិ ដែលចូលរួមរៀបចំព្រឹត្តិការណ៍កីឡាជាតិ និងជំរុញឲ្យមហាព្រឹត្តិការណ៍កីឡា២ឆ្នាំម្ដងនេះ កាន់តែកក្រើក និងអស្ចារ្យជាងមុន។
ព្រឹត្តិការណ៍ប្រកួតកីឡាជាតិរបស់កម្ពុជា លើកទី២ ឆ្នាំ២០១៨នេះ នឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា។ នៅថ្ងៃទី២៤ ខែឧសភានេះ គឺជាការសម្តែងសមលក្ខណៈទ្រង់ទ្រាយធំ ដោយមានក្រុមអត្តពលិកប្រមាណជាង៤.០០០នាក់ ដើម្បីចូលរួមសម្តែងក្នុងពិធីបើក ដោយបើកឱកាសឱ្យប្រជាពលរដ្ឋចូលរួមទស្សនាដោយសេរី។
ប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី១ ក្នុងឆ្នាំ២០១៦ ដោយមានតែកីឡា១៥ប្រភេទ ស្មើនឹង១៧២វិញ្ញសា ហើយមានកីឡាករ កីឡាការិនីចូលរួមជិត២.០០០នាក់៕

