ព្រះខ័នរាជស្វាយរៀង ចុះកិច្ចសន្យាជាមួយ Harvey ដែលជាអតីតយុវជនថ្នាល Southampton និង​ Stoke City

កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី ១ ខែ វិឆ្ឆិកា នេះ  ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហាញនូវសមាសភាពកីឡាករថ្មីស្រឡាង ក្រោយចប់រដូវកាល ២០១៨ របស់ខ្លួន នោះគឺយុវជនអង់គ្លេស វ័យ ២០ឆ្នាំ  ធ្លាប់ជាយុវជនថ្នាលក្លិប Southampton និង Stoke City។

Harvey Read គឺជាខ្សែការពារកណ្តាល រូបគេបានចាប់ផ្តើមអាជីពដំបូងហ្វឹកហាត់បាល់ទាត់ដំបូងជាមួយយុវជនថ្នាល់របស់ក្លិប Southampton និងបានធ្វើការផ្លាស់ប្តូរក្លិបបន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពី Stoke City FC។

Harvey Read
Harvey Read

តាមការឱ្យដឹងពី គេហទំព័រផ្លូវការរបស់ព្រះខ័នរាជស្វាយរៀង Harvey រួមរស់មួយរដូវកាល២០១៧ ពេញជាមួយ Stoke City FC ដោយបង្ហាញខ្លួនបានចំនួន១៩លើក រកបាន១គ្រាប់ ក្នុងពានរង្វាន់ U18 Premier League និង Primier League 2 ចំនួន២លើក គ្រាដែលឆ្នាំ ២០១៨នេះរូបគេ បានហោះហើរទៅជ្រកក្រោននៅក្លិប Heidelberg United នៃលីគលំដាប់ទី២អូស្ត្រាលី ។

ការមកដល់របស់ Harvey គឺមានន័យថា ជាកីឡាករសញ្ជាតិអង់គ្លេស ទីពីរ ហើយដែលមកចូលរួមជាមួយក្លិប ក្រោយពី ខ្សែបម្រើជនជាតិអង់គ្លេស Harley Willard ដែលបានមកជួយក្លិបនាពាក់កណ្តាលរដូវកាលកន្លងទៅ រកគ្រាប់បាល់បាន ២គ្រាប់ ហើយថ្មីៗនេះ Willard បានតកុងត្រាជាមួយក្លិប ១រដូវកាលទៀត។

Conor Nestor
Conor Nestor

គួរឱ្យដឹងថា ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់គ្រូបង្វឹក Conor Nestor ទទួលបានចំណាត់ថ្នាក់លេខ ៦ ក្នុងលីគកំពូលកម្ពុជា រដូវកាល ២០១៨ ខណៈដែលនៅពានរង្វាន់ Hun Sen Cup ធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ ៕