ព្រះខ័នរាជស្វាយរៀង vs វិសាខា
ព្រះខ័នរាជស្វាយរៀង vs វិសាខា

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងក្រុមចំណូលថ្មី វិសាខា នឹងត្រូវជួបគ្នាក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំនាវេលាម៉ោង ៣:៣០នាទីរសៀលនេះ នៅលើទីលានបុរី ប៉េង ហ៊ួត-ច្បារអំពៅ ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ដែលគ្រោងបើកការប្រកួតនាដើមខែក្រោយ ។ ថ្វីដ្បិតនេះជាជំនួបមិត្តភាព តែជាការប្រកួតដ៏ទាក់ទាញមួយសម្រាប់អ្នកគាំទ្រ ដែលចង់ដឹងពីលទ្ធផលជំនួបលើកដំបូងរវាងក្រុមទាំងពីរ។ ដោយសារការចង់ដឹងពីភាពខ្លាំងរបស់ក្រុមវិសាខា ដែលទើបឡើងមកពីលីគលំដាប់ទី២ តែបានទាញយកកីឡាករល្អៗជាច្រើន ពិសេសកីឡាករកូរ៉េខាងជើង ៥នាក់ ទៅរួមរស់ត្រៀមរដូវកាលថ្មី ។

ដោយឡែកក្រុម ព្រះខ័នរាជស្វាយរៀង គឺជាក្រុមចាស់វស្សា និងមានបទពិសោធន៍ជោគជាំទាំងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ហើយក៏សម្បូរដោយធនធានកីឡាករល្អៗច្រើនផងដែរ។ តែបើក្រឡេកមើលលទ្ធផលប្រកួតមិត្តភាពចុងក្រោយរវាងក្រុមទាំងពីរ គឺខុសគ្នាស្រឡះ ក្នុងនោះក្រុមវិសាខា បានយកឈ្នះក្រុមអង្គរថាយហ្គឺរ ៣-០ ។ រីឯក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបានក្រុមក្រសួងការពារជាតិ លត់ ៥-០ យ៉ាងចាស់ដៃកាលពីពេលថ្មីៗកន្លងទៅ ។ ដូច្នេះចាំមើលរសៀលនេះ តើក្រុមចាស់វស្សា ស្វាយរៀង ឬក្រុមក្មេងខ្ចី វិសាខា នឹងធ្វើបានល្អជាង?

ដោយហេតុនេះ អ្នកគាំទ្ររំពឹងថា ការប្រកួតមិត្តភាពរសៀលនេះ អាចជាការវាស់ស្ទង់សមត្ថភាពកីឡាករក្រុមទាំងពីរដ៏ល្អ ដើម្បីត្រៀមការប្រកួតផ្លូវការក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ដែលគ្រោងនឹងបើកការប្រកួតនាដើមខែមីនាខាងមុខ៕