photo of ព្រះខ័នរាជ​ស្វាយរៀង
ក្រុម ព្រះខ័នរាជ​ស្វាយរៀង

ការប្រកួតក្របខណ្ឌវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League នឹងឈានចូលសប្តាហ៍ទី១៩ ក្រុមព្រះខ័នរាជស្វាយរៀង និងត្រូវប៉ះជាមួយក្រុមបឹងកេតអែហ្វស៊ី នៅកីឡដ្ឋាន ខេត្តស្វាយរៀង និងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨ នាម៉ោង១៨៖០០ល្ងាច។

សម្រាប់ការប្រកួតរវាងក្រុមទាំង២ ស្វាយរៀង កាលពីសប្តាហ៍ទី១៨កន្លងទៅ ធ្លាប់បានយកឈ្នះ បាតតារាង វេស្ទើនភ្នំពេញ នៅក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន វេស្ទើនភ្នំពេញ កាលពីថ្ងៃ អាទិត្យ ទី១៩ ខែសីហា កន្លងទៅ ១៨ប្រកួតកន្លងមកនេះ ស្វាយរៀង ឈ្នះ៧ដង ស្មើ៣ដង និងចាញ់៨ដង។ គ្រូបង្វឹកជនជាតិអៀរឡង់ លើកឡើងថា លទ្ធផលមិនសូវគាប់ប្រសើរនាពេលកន្លងមក ដោយសារតែកីឡាករខ្លួនចំនួន ១០រូប មិនអាចលេងបាន ហើយលោកក៏អំពាវនាវដល់ មហាជនយល់ជ្រាបពីករណីដ៏លំបាកនេះ។ លោក Conor Nestor ពន្យល់បែបនេះ៖ «ខ្ញុំមិនមានសម្ពាធអ្វីទេចំពោះរឿងនេះ។ តែបើមានសម្ពាធ គឺចេញពីក្រុមយើងតែម្ដង។ ប្រសិនបើកីឡាកររបស់ខ្ញុំមិនសប្បាយចិត្តចំពោះអ្វីដែលខ្ញុំធ្វើ ទើបខ្ញុំមានអារម្មណ៍ថា សម្ពាធ។ ខ្ញុំជឿជាក់ថា មានអ្នកគាំទ្រច្រើនណាស់បានយល់ពីស្ថានភាពនេះ ហើយពួកគេក៏មានការអត់ធ្មត់ តែអ្វីសំខាន់នោះ គឺយើងចូលរួមការប្រកួត ដោយមិនមានវត្តមានកីឡាករចំនួន ១០នាក់»

photo of បឹងកេត
ក្រុម ​​បឹងកេត​ អែហ្វសុី

បឹងកេត វិញកាលពីសប្តាហ៍ទី១៨កន្លងទៅ បានចាញ់ក្រុម ណហ្គាវើល នៅក្នុងលទ្ធផល ២-០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឹនកីឡា ស្តាតចាស់ អ្វីដែលសំខាន់ផងនោះ ការធ្វើមិនបានល្អនៅតំបន់ប្រយុទ្ធ ជាមូលហេតុចម្បងនាំឱ្យបឹងកេត បរាជ័យក្រោមថ្វីជើង ណាហ្គាវើល ហើយធ្លាក់មកចំណាត់ថ្នាក់លេខ២ ក្នុងតារាងមិត្តហ្វូនខេមបូឌានលីគសប្ដាហ៍ទី១៨។ បឹងកេត១៨ប្រកួតកន្លងមកនេះ ឈ្នះ១៣ដង ស្មើ៣ដង និងចាញ់២ដង។

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ទី១៩ ក្រុម ព្រះខ័នរាជស្វាយរៀង ដែលឈរនៅចំណាត់ថ្នាក់លេខ៦ មាន២៤ពិន្ទុ និងត្រូវប៉ះជាមួយក្រុម ជើងឯកចាស់បឹងកេត ដែលបានធា្លក់មកនៅលេខ២ ខណៈពេលដែលចាញ់ ណហ្គាវើល កាលពីសប្តាហ៍ទី១៨កន្លងទៅ និងមាន៤២ពិន្ទុ៕

Metfone Cambodian League
Metfone Cambodian League