អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Manchester United កីឡាករ Jesse Lingard បាន​​បញ្ចប់​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​​ទើប​​ឡើង​មក​ថ្មី Nottingham Forest ដោយ​គ្មាន​តម្លៃ​ខ្លួន។

Jesse Lingard
Jesse Lingard

កីឡាករ​វ័យ​២៩​ឆ្នាំ​​ដែល​លេង​ឲ្យ​​ជម្រើស​ជាតិ​អង់គ្លេស​បាន​៣២​ប្រកួត​បាន​ក្លាយ​ជា​កីឡាករ​ទី​១១​ដែល Forest នាំ​ចូល​ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​ពួក​គេ​ទទួល​បាន​កៅអី​ឡើង​មក​លេង​នៅ Premier League។ Lingard បាន​ចាកចេញ​ពី Man Unied បន្ទាប់​ពី​ចំណាយ​ពេល​នៅ​ជាមួយ​ក្លឹប​ជាង​២០​ឆ្នាំ ពេល​ដែល​កុងត្រា​របស់​គេ​អស់​កាល​ពី​​បញ្ចប់​ខែ​មិថុនា។

Forest មិន​បាន​បង្ហាញ​​រយៈពេល​កុងត្រា​របស់ Lingard ឡើយ។ យ៉ាងណាមិញ បើ​តាម​ប្រភព​ពី​សារព័ត៌មាន​អង់គ្លេស​​ឲ្យ​ដឹង​ថា Lingard បាន​ចុះ​កុងត្រា​រយៈពេល​១២​ខែ ហើយ​នឹង​មាន​ការ​បន្ថែម​កុងត្រា​​ថ្មី​អាស្រ័យ​លើ​​ការ​បង្ហាញ​ទម្រង់​លេង​​របស់​គេ​ជាមួយ​ក្រុម។

មក​ចូលរួម​ជាមួយ​ក្លឹប​ថ្មី Lingard នឹង​ទទួល​បាន​ថ្លៃ​ពលកម្ម​​ជិត​២០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ឯណោះ។ Lingard ធ្លាប់​​ត្រូវ​បាន​ទាក់ទង​ត្រលប់​ទៅ​លេង​នៅ West Ham ដែល​ជា​កន្លែង​គេ​ធ្លាប់​​ខ្ចី​ជើង​កាល​ពី​រដូវ​កាល​២០២០-២១ ប៉ុន្តែ​ចុងក្រោយ​គេ​ជ្រើសរើស Nottingham Forest៕