ក្លិប​យក្ស​របស់​បារាំង Paris Saint-Germain មាន​គម្រោង​ចង់​​​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ Marcus Rashford ក្នុង​រដូវ​ក្ដៅ​នេះ។

Marcus Rashford
Marcus Rashford

ម្ចាស់​ជើង​ឯក Ligue 1 មាន​បំណង​ចង់​បន្ថែម​កម្លាំង​នៅ​តំបន់​ប្រយុទ្ធ​ដើម្បី​ចាប់​ដៃ​គូ​ជាមួយ Lionel Messi និង Kylian Mbappe។ ហើយ Rashford វ័យ​២៤​ឆ្នាំ​​ជា​​​ខ្សែ​ប្រយុទ្ធ​ដែល​ពួក​គេ​ចង់​បាន។ នេះ​បើ​យោង​តាម​សារព័ត៌មាន​របស់​បារាំង L’Equipe។

គេ​បាន​ដឹង​ថា PSG បាន​បើ​ការ​ពិភាក្សា​រួចរាល់​ជាមួយ​តំណាង​របស់ Rashford ប៉ុន្តែ​ពួក​គេ​មិន​ទាន់​ដាក់​សំណើ​ផ្លូវការ​ណាមួយ​ទៅ​កាន់ Manchester United នៅ​ឡើយ​ទេ។ ក្លឹប​បិសាច​ក្រហម​ទំនង​នឹង​ទាមទារ​​តម្លៃ​ខ្លួន​ខ្ពស់​ ប្រសិន​បើ​ PSG ​ដាក់​សំណើ​មក។

Rashford សញ្ជាតិ​អង់គ្លេស​​នឹង​អស់​កុងត្រា​ជាមួយ United នៅ​រដូវ​ក្ដៅ​ក្រោយ ប៉ុន្តែ​ក្លឹប​​​មាន​ជម្រើស​ក្នុង​ការ​បន្ត​កិច្ចសន្យា​​របស់​គេ​​សម្រាប់​មួយ​ឆ្នាំ​ទៀត។ PSG ពេល​នេះ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ម្នាក់​ដែល​អាច​លេង​បាន​ទាំង​បម្រើ​ប្រយុទ្ធ​និង​ប្រយុទ្ធ​ចំ​តួ ខណៈ Rashford អាច​លេង​បាន​ទាំង​ពីរ​តំណែង​នេះ៕