ភ្នាក់ងារ​របស់ Cristiano Ronaldo លោក Jorge Mendes ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​តែ​ធ្វើ​ការ​​ក្នុង​ការ​បន្ថែម​កុងត្រា​ថ្មី​របស់​គេ​ជាមួយ​ក្លឹប Juventus។

Cristiano Ronaldo
Cristiano Ronaldo

Ronaldo ហាក់​មាន​អារម្មណ៍​មិន​រីករាយ​លេង​ក្រោម​ការ​ដឹក​នាំ​របស់ Andrea Pirlo ដោយ​ Juventus បាន​របូត​ពាន Serie A ដែល​ខ្លួន​គ្រង​៩​រដូវ​កាល​ជាប់​គ្នា និង​ធ្លាក់​ចេញ​ពី Champions League ត្រឹម​វគ្គ​១៦​ក្រុម​​ចុងក្រោយ ដោយ​សារ​ក្រុម Porto។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​​ធ្លាប់​មាន​ការ​ទាក់ទង​ផ្លាស់​ទៅ​ Manchester United និង PSG ក្នុង​រដូវ​ក្ដៅ​នេះ។ ប៉ុន្តែ​ពេល​នេះ​គេ​អាច​នឹង​បន្ត​ស្នាក់​នៅ​ប្រទេស​អ៊ីតាលី​ ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ថ្មី​លោក Max Allegri។

កុងត្រា​របស់ Ronaldo នឹង​អស់​​នៅ​រដូវ​ក្ដៅ​ក្រោយ ប៉ុន្តែ​ភ្នាក់ងារ​របស់​កីឡាករ​​សញ្ជាតិ​ព័រទុយហ្គាល់​​លោក Jorge Mendes កំពុង​ចចារ​ជាមួយ Juventus ដើម្បី​ពង្រីក​កុងត្រា​បន្ថែម។ Ronaldo នៅ​មាន​គោលបំណង​ធំ​មួយ​ទៀត​គឺ​ចង់​ឈ្នះ​ពាន Ballon d’Or ឲ្យ​បាន​៦​ដង​ តាម​ស្មើ​កំណត់ត្រា​របស់ Lionel Messi៕