photo of  Valci Teixeira Júnior
ភ្នំពេញក្រោន ចុះកុងត្រាជាមួយ ​ខ្សែ​ប្រយុទ្ធ​ជនជាតិ​ប្រេស៊ីល Valci Teixeira Júnior 

ដោយសារកីឡាករ Jorrin John មាន​របួស​ជង្គង់​រយៈពេល​យូ ទើប​ធ្វើឲ្យ​ក្លិប​ភ្នំពេញក្រោន សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា បាន​សម្រេច​ស្វែង​​រក​កីឡាករ​ថ្មី​មក​ជំនួស ត្រៀម​ចូលរួម​ក្រុម​ក្នុង​ជើង​ទី២ ខាង​មុខ នោះ​គឺ​ខ្សែ​ប្រយុទ្ធ​ជនជាតិ​ប្រេស៊ីល Valci Teixeira Júnior មក​ពី​លីគ​លំដាប់​ទី២ ​ប្រទេស​ថៃ ។

ក្លិប​ជើង​ឯក​៦សម័យកាល​នេះ​ បាន​ជូនដំណឹង​ដល់​អ្នក​គាំទ្រ​​ថា​ “ក្លិប​សូម​បង្ហាញ​ជូន​នូវ​សមាជិក​ថ្មី ​គឺ​កីឡាករ​ជនជាតិប្រេស៊ីល Valci Teixeira Júnior។ ខ្សែ​ប្រយុទ្ធ​រូប​នេះ ​ធ្លាប់​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ ​នៅ​ក្នុង​តំបន់​អាស៊ី ពិសេស​នៅ​ក្នុង​ប្រទេស​ថៃតែម្តង។ យើងសង្ឃឹមថា​ រូបគេ​នឹង​អាច​រួម​ចំណែក​ជាមួយ​មិត្តរួម​ក្រុម​ដទៃ​ទៀត ​ដើម្បី​ជួយ​ក្រុម​ឲ្យ​ទទួល​បាន​លទ្ធផល​កាន់​តែ​ល្អ​ប្រសើរ​ក្នុង​ជើង​ទី២ នៃ​លីគ​កំពូល​កម្ពុជា ពេលខាងមុខនេះ” ។

កីឡាករ​ប្រេស៊ីលរូប​នេះ ​​ធ្លាប់​​ចំណាយ​ពេល​៩ឆ្នាំ​ ជាមួយ​ក្លិប​ចំនួន​១១​ នៅក្នុង​ប្រទេស​ថៃ គិត​​ចាប់​តាំង​ពី​ឆ្នាំ​២០០៩មក ដែល​មាន​ដូចជា ក្លិប​TOT-CAT, Sisaket, TTM Phichit, Tai Port, Nakhon Ratchasima, Rayong, Krabi, Bangkok, Ayutthaya, Udon Thani និង ​Samut Sakhon។ តែ​ចន្លោះ​ឆ្នាំ​២០១២ រូប​គេ​បាន​ផ្លាស់​ទៅ​លេង​ជាមួយ​ក្លិប​ Al Nahda Club នៅ​ប្រទេស​អូម៉ង់ និង​នៅ​ឆ្នាំ​២០១៦ ​រូប​គេ​ប្តូរ​ទៅ​លេង​ជាមួយ​ក្លិប​លីគ​លំដាប់​ទី៣​ប្រទេស​ជប៉ុន គឺ​ក្លិប Gainare Tottori ។

ការ​ដោះដូរ​កីឡាករ​ជើង​ទី២​​ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា បាន​កំណត់​ថា ​ក្លិប​ជា​សមាជិក​ដោះដូរ​កីឡាករ​របស់​ខ្លួន​លើ​​កីឡាករ​កម្ពុជា​៣រូប និងកីឡាករបរទេស៣រូប។ តាម​គម្រោង​ការ​ប្រកួត​ជុំ​ទី២ ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី៣០ ខែមិថុនា ហើយ​កីឡាករ​ថ្មីៗ ​​ដែល​ក្លិបនីមួយៗ​ជា​សមាជិក​ទាំង​១២​ក្រុម ​បាន​ចុះ​បញ្ជី​លើក​ទី២​នេះ ​នឹង​ចូល​លេង​បាន៕

ប្រភព៖ campost