photo of ភ្នំពេញក្រោន
ក្រុមថ្នាលយុវជនទាំង៥រូប របស់ក្លឹប ភ្នំពេញក្រោន មានកីឡាករ ស៊ិន កក្កដា, អ៊ិន សុដាវីត, អ៊ុក សុវណ្ណ, គឹម ឆៃយ៉ា និង កែន ចាន់សុភ័ក្រ

នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងការប្តូរចេញរបស់កីឡាករ ៥រូបដែលមានប្រភពមកពីក្រុមថ្នាលយុវជនរបស់ក្លឹបភ្នំពេញក្រោន និងដែលទើបតែប្រកាសចូលរួមជាសមាជិកក្រុមវិសាខាជាផ្លូវការកាលពីថ្ងៃទី១៦ ខែធ្នូម្សិលមិញនេះពោលគឺកីឡាករ អ៊ុក សុវណ្ណអ៊ិន សូដាវីតស៊ិន កក្កដាគីមឆាយ៉ា និងកែនច័ន្ទសុភ័ក្រ្ត។ ក្នុងសេចក្តីថ្លែងការណ៍នេះ ភ្នំពេញក្រោន បានលើកឡើងពីប្រវត្តិខ្លះៗនៃការបង្កើតក្រុមថ្នាលយុវជនមុនគេនៅកម្ពុជា និងពីការព្រមព្រៀងគ្នារវាងកីឡាករទាំង ៥រួមជាមួយអាណាព្យាបាលរបស់ពួកគេដែលទទួលស្គាល់លើការសងសំណងអភិវឌ្ឍន៍ដែលក្លឹបបានចំណាយក្នុងពេលពួកគេស្ថិតនៅជាសមាជិកក្រុមថ្នាលយុវជននោះ។

បើតាមខ្លឹមសារ ក្លឹបភ្នំពេញក្រោន មិនបានព្រមព្រៀងក្នុងការផ្ទេរកីឡាករទាំង ៥ឡើយ ខណៈដែលពួកគេក៏មិនដែលបានពិភាក្សាជាមួយក្លឹបភ្នំពេញក្រោនហើយបានចាកចេញទៅកាន់ក្លឹបថ្មីដោយមិនមានការបង់ថ្លៃលើសំណងអភិវឌ្ឍន៍សម្រាប់ក្លឹបភ្នំពេញក្រោនដែលធ្លាប់បានចំណាយធនធានទៅលើពួកគេស្របទៅតាមលក្ខខណ្ឌព្រមព្រៀងដែលត្រូវបានទទួលស្គាល់ដោយគូភាគីកន្លងមកឡើយ ដូចជាការបង់ថ្លៃសាលារៀន ការស្នាក់នៅ ការហូបចុក ការហ្វឹកហាត់ សំបុត្រយន្តហោះធ្វើដំណើរក្នុងពេលបោះជំរុំហ្វឹកហាត់នានា ក៏ដូចជាការប្រកួតអន្តរជាតិផ្សេងៗ រួមទាំងសេវាសុខភាពផងដែរនោះ។

ជាមួយគ្នានេះ ភ្នំពេញក្រោន បានសម្តែងការព្រួយបារម្ភចំពោះផលវិបាករបស់វិស័យបាល់ទាត់កម្ពុជាដោយហេតុថាប្រសិនបើកីឡាករដែលទទួលការបណ្តុះបណ្តាលដោយក្លឹបប៉ុន្តែបែរជាចាកចេញដោយមិនមានសំណងអភិវឌ្ឍន៍អ្វីសោះបែបនេះវាគឺជាសញ្ញានៃការដើរថយក្រោយនៃដំណើរការអភិវឌ្ឍន៍បាល់ទាត់ព្រោះនាពេលអនាគតអាចនឹងមិនមានក្លឹបបាល់ទាត់ណាមួយហ៊ានចំណាយធនធានដើម្បីជំរុញការអភិវឌ្ឍន៍បាល់ទាត់ថ្នាលទៀតឡើយព្រោះអាចនឹងជួបប្រទះផលវិបាកដូចអ្វីដែលខ្លួនកំពុងទទួលរងនៅពេលនេះ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្លឹបជើងឯក ៦សម័យកាលនេះបានប្រកាសយ៉ាងមុឺងម៉ាត់ថា៖ «ក្លឹបនឹងមិនចេញលិខិតអនុញ្ញាតិសម្រាប់កីឡាករណាម្នាក់ដែលស្ថិតក្នុងគម្រោងនៃការបណ្តុះបណ្តាលថ្នាលរបស់ភ្នំពេញក្រោនទៅកាន់ក្លឹបដទៃដោយមិនមានតម្លៃសំណងអភិវឌ្ឍន៍នោះឡើយ ហើយប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយដោយសមស្របទេ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបញ្ឈប់សកម្មភាពអភិវឌ្ឍបាល់ទាត់ថ្នាលទាំងអស់ ហើយនឹងប្រកាសដកខ្លួនចេញពីការប្រកួតលីគកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីគផងដែរ។» ដោយបានបញ្ជាក់ថា ជំហរនេះ​ គឺដើម្បីការពារបេសកកម្មអភិវឌ្ឍន៍បាល់ទាត់ថ្នាល និងជំរុញឱ្យក្លឹបបាល់ទាត់ផ្សេងទៀតអនុវត្តន៍ការបណ្តុះបណ្តាលថ្នាលបន្ថែមទៀតដើម្បីធានាឱ្យមានការប្រកួតប្រជែងក្នុងលីគឱ្យកាន់តែខ្លាំ​ងក្លានាពេលអនាគត ព្រមទាំងជាការរួមចំណែកកសាង និងពង្រឹងធនធានកីឡាករកម្ពុជាថែមទៀតផង។ ជាមួយនឹងការប្រកាសជំហរដ៏គួរឱ្យភ្ញាក់ផ្អើលនេះ គេនៅមិនទាន់ដឹងទេថា តើអ្វីដែលជាដំណោះស្រាយសម្រាប់បញ្ហានេះនៅឡើយទេ ខណៈដែលមហាជន និងអ្នកគាំទ្រជាច្រើនបានកំពុងទន្ទឹងរង់ចាំមើលយ៉ាងយកចិត្តទុកដាក់នោះ៕