photo of ភ្នំពេញក្រោន
ក្លិប​បាល់ទាត់​ភ្នំពេញក្រោន

ក្លិប​បាល់ទាត់​ភ្នំពេញក្រោន បានសម្រេច​បង្កើត​កម្មវិធី​ចែករំលែក​បាល់ទាត់​ដល់​ក្រុម​យុវជន ក្រោម​អាយុ​១៥ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី២០ ខែឧសភា ឆ្នាំ​២០១៨ ចុង​សប្ដាហ៍​នេះ​ពោល​គឺ​មុន​ពេល​ក្រុម​ធំ​របស់​ខ្លួន​ប្រកួត​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ក្នុង​សប្ដាហ៍​ទី៦​នៃ​បានរង្វាន់​លីគ​កំពូល​កម្ពុជា​ (Metfone Cambodian League 2018)។

យោង​តាម​ការ​បញ្ជាក់​របស់​ក្លិប​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ SCG នឹងរួមគ្នាប្រារព្ធកម្មវិធី​ Kick & Share ដើម្បីចែករំលែកបទពិសោធន៍ក៏ដូចជាចំណេះដឹងអំពីកីឡាបាល់ទាត់ដល់កុមារា​ កុមារី​នា​ថ្ងៃ​ទី២០ ខែឧសភា ខាងមុខ​នេះ​នៅ​កីឡដ្ឋាន​RSN ។ កម្មវិធីនេះនឹងដឹកនាំដោយលោក Luis Fernando​ Vitorino ដែលជាគ្រូបង្វឹកអ្នកចាំទីក្រុមថ្នាលយុវជនភ្នំពេញក្រោន​ និង​ជា​អតីត​គ្រូ​បង្គោល​អ្នក​ចាំទីក្រុម​ជម្រើស​ជាតិ​កម្ពុជា ផងដែរ។

កុមារ​ដែលមានអាយុក្រោម​ ១៥​ឆ្នាំ​អាច​ចូលរួម​ដោយ​ឥត​គិត​ថ្លៃ ។ កម្មវិធី​នេះ​នឹង​ចាប់​ផ្តើម​នា​វេលា​ម៉ោង ៣:៣០​រសៀល​រហូត​ដល់​ម៉ោង​ ៦:០០ល្ងាច​ បន្ទាប់​មក​អ្នក​ចូលរួម​ទាំង​អស់​អាច​បន្ត​ទស្សនា​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា រវាងក្រុមភ្នំពេញក្រោន និង​ក្រុម​អគ្គស្នងការដ្ឋាននករបាលជាតិ​ នៅ​កីឡដ្ឋាន​ RSN ដែលនឹងចាប់ផ្តើមនាវេលាម៉ោង ៦ល្ងាចតែម្តង។ ចំពោះ​កីឡដ្ឋាន​ RSN មាន​មូលដ្ឋាន​នៅ​លើ​ទឹកដី​ខ័ណ្ឌ​ទួលគោក ក្នុង​រាជធានី​ភ្នំពេញ ក្បែ​កាំកូស៊ីធី។

នេះ​ជា​សកម្មភាព​មួយ​ដែល​គេ​ចាត់ទុក​ថា​ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​ចូលរួម​ទស្សនា​រាល់​ការ​ប្រកួត​របស់​ក្លិប ឬដើម្បី​កំដរ​ក្រសែភ្នែក​ទស្សនិកជន​ដែល​ធ្វើ​ដំណើរ​មក​ដល់​​កីឡដ្ឋាន​មុន ដើម្បី​ទស្សនា​ការ​ប្រកួត​របស់​ក្រុម​ធំ។ ក្រុម​ភ្នំពេញក្រោន ធ្លាប់​បាន​រៀបចំ​​ចែករំលែក​បទពិសោធន៍​បាល់ទាត់​បែប​នេះ​ម្តង​រួច​មក​ហើយ​កាល​ពី​ប៉ះ​​ក្រុម​ណាហ្គាវើល ក្នុង​សប្ដាហ៍​ទី៤ កន្លង​ទៅ៕