សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធើ្វការប្រកាសជាផ្លូវការពីការតែងតាំងអតីតកីឡាករក្រុមជម្រើសជាតិជប៉ុន Keisuke Honda ជាគ្រូបង្គោលថ្មីនៃក្រុមជម្រើសជាតិកម្ពុជា។ ការឡើងនេះ គឺ Honda នឹងត្រូវចូលកាន់តំណែងជំនួសគ្រូបង្វឹកគឺលោក ប្រាក់ សុវណ្ណារ៉ា ដែលបានដឹកនាំក្រុមដែលមានរហ្ស័សនាមថា គោរព្រៃ នាពេលកន្លងទៅ។

photo of Keisuke Honda
Keisuke Honda ក្លាយជាគ្រូបង្គោលថ្មីនៃក្រុមជម្រើសជាតិកម្ពុជា

ខាងក្រោមននេះគឺជាជីវប្រវត្តិខ្លះរបស់លោក Keisuke Honda 

ប្រឡូកក្នុងពិភពបាល់ទាត់ដំបូងបំផុត Honda លេងឲ្យក្លិប Nagoya Grampus លីគកំពូលជប៉ុន ពីឆ្នាំ ២០០៤ ដល់ ២០០៧ ហើយក្រោយមកផ្លាស់ទៅលេងឲ្យក្លិប VVV-Venlo នៅក្របខ័ណ្ឌបាល់ទាត់ហូឡង់ ។ នៅឆ្នាំ ២០១០ Honda ក៏បានរសាត់អណ្តែតទៅដល់ប្រទេសរុស្ស៊ី ពោលគឺលេងឲ្យក្លិប CSKA Moscow បាន ៤រដូវកាល ដោយក្នុងនោះជួយក្លិបឈ្នះជើងឯកលីគម្តង Cup ម្តង និង Super Cup ម្តងផងដែរ ។

កេរិ៍តឈ្មោះរបស់ Honda ចាប់ផ្តើមល្បីខ្លាំង និងត្រូវបានស្គាល់ពេញពិភពលោក បន្ទាប់ពីគេបានផ្ទេរទៅលេងឲ្យក្លិបយក្សអ៉ីតាលី AC Milan នៅឆ្នាំ ២០១៣ ។ យ៉ាងណាមិញ ចំណាយពេល ៣រដូវកាលនៅប្រទេសអ៉ីតាលី Honda រកគ្រាប់បាល់បានតែ ៩គ្រាប់ប៉ុណ្ណោះ ពីការបង្ហាញខ្លួនបាន ៨១លើក ។

photo of Keisuke Honda
លោក Keisuke Honda

សម្រាប់នៅក្រុមជម្រើសជាតិជប៉ុន ដែលបង្ហាញខ្លួនចំនួន ៩៨ដង Honda រកគ្រាប់បាល់បាន ៣៧គ្រាប់ និងត្រូវបានជាប់ឈ្មោះជាកីឡាជប៉ុនតែមួយរូបគត់ ដែលស៊ុតចូលទីក្នុងពានរង្វាន់ World Cup ឆ្នាំខុសៗគ្នា ( ២០១០, ២០១៤, ២០១៨ ) ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកដំបូងនោះទេសម្រាប់ការងាររបស់ កីឡាករវ័យ ៣២ឆ្នាំរូបនេះ ក្នុងប្រទេសកម្ពុជា ដែលកាលពីឆ្នាំ ២០១៦កន្លងទៅ គាត់បានបើកសាលាបាល់ទាត់នៅក្នុងរាជធានីភ្នំពេញ និងជាម្ចាស់ក្លិប សូលទីឡូអង្គរ ដែលជាសមាជិកលីគកំពូលកម្ពុជាថែមទៀតផង ។

យ៉ាងណាក្តី គេនៅពុំទាន់ដឹងច្បាស់ថាតើគាត់នឹងបែងចែកពេលវេលាការងារបែបណានោះទេ ខណៈពេលដែលថ្មីៗនេះទើបតែចុះកុងត្រាជាកីឡាករក្លិប Melbourne Victory ក្នុងប្រទេសអូស្រ្តាលី ៕

photo of Keisuke Honda
លោក Keisuke Honda