មកស្គាល់គ្រូបង្វឹក ៥រូប ដែលចំណាយប្រាក់របស់ក្លឹបច្រើនជាងគេក្នុងការទិញកីឡាករ
ក្នុងក្លឹបបាល់ទាត់នីមួយៗ គ្រូបង្វឹកក៏ជាចំណែកមួយដ៏សំខាន់ ក្នុងការទិញដូរកីឡាករដែរ។ ទោះបីជាម្ចាស់ក្លឹបពេញចិត្តកីឡាករណាខ្លាំង ប៉ុន្តែប្រសិនបើគ្មានការយល់ព្រមពីគ្រូបង្វឹកទេ នោះកីឡាករនោះ ក៏មិនអាចជាចំណែកនៃក្លឹបបាននោះដែរ។
មានគ្រូបង្វឹក ៥រូប ដែលជាប់ក្នុងកំណត់ត្រា ចំណាយប្រាក់របស់ក្លឹប ក្នុងការទិញកីឡាករយ៉ាងច្រើន។ គ្រូទាំងនោះ រួមមានដូចជា៖
១. លោក Jose Mourinho

គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ ដែលកំពុងគ្មានការងារធ្វើម្នាក់នេះ គឺជាគ្រូបង្វឹកឈានមុខគេម្នាក់ ដែលទិញកីឡាករច្រើនជាងគេ ក្នុងអំឡុងពេល ១៩ឆ្នាំនៃការដឹកនាំរបស់គាត់ គិតមកដល់មុនពេលដែលគាត់ត្រូវបាន Manchester United បណ្តេញចេញពីការងារ។ ទោះបីជាញឹកញាប់ គាត់ត្រូវបានក្លឹបបណ្តេញចេញ ប៉ុន្តែគ្រូបង្វឹកវ័យ ៥៦ឆ្នាំនេះ រកបានពានចំនួន ២៥ដល់ក្លឹបដែលគាត់ធ្លាប់ដឹកនាំ។ កត្តាទាំងនេះហើយ ដែលក្លឹបត្រូវតែធ្វើតាមគាត់ ក្នុងការទិញដូរកីឡាករ ដើម្បីទទួលបានជោគជ័យ។ ដូច្នេះ ក្នុងរយៈពេលនៃការដឹកនាំ ១៩ឆ្នាំ លោក Mourinho បានចាយប្រាក់ក្លឹបដែលគាត់ដឹកនាំទាំងអស់ សរុបចំនួន ១.៤០ពាន់លានផោន លើការទិញកីឡាករចំនួន ៩៧នាក់។ កីឡាករ ដែលគាត់បញ្ចុះបញ្ចូលក្លឹប ឲ្យក្លឹបចាយលុយទិញថ្លៃ ជាងគេ គឺ Paul Pogba ដែលមានតម្លៃ ៨៩លានផោន។
២. លោក Carlo Ancelotti

គ្រូបង្វឹកអ៊ីតាលីរូបនេះ ក៏មិនធម្មតាដែរ គឺគាត់បានឲ្យក្លឹបចំណាយប្រាក់ ១.១១ពាន់លានផោន ដើម្បីទិញកីឡាករ ៨៥នាក់ ក្នុងអំឡុងពេលនៃការដឹកនាំរបស់គាត់ ចាប់ពីឆ្នាំ ១៩៩៥មក។ សូមបញ្ជាក់ថា គ្រូបង្វឹកវ័យ ៦០ឆ្នាំនេះ ធ្លាប់ដឹកនាំក្លឹប AC Milan, Real Madrid, Chelsea, Bayern Munich និងបច្ចុប្បន្នគឺ Napoli។ សម្រាប់កីឡាករ ដែលគាត់បញ្ចុះបញ្ចូលឲ្យម្ចាស់ក្លឹបទិញយ៉ាងថ្លៃបំផុត គឺ Gareth Bale ដែលផ្ទេរពី Spurs ទៅ Real Madrid ក្នុងតម្លៃ ៨៦លានផោន កាលពីឆ្នាំ ២០១៣។
៣. លោក Pep Guardiola

គ្រូបង្វឹកអេស្ប៉ាញ វ័យ ៤៨ឆ្នាំនេះ បានចំណាយប្រាក់ក្លឹបអស់ ១ពាន់លានផោនគត់ ដើម្បីទិញកីឡាករ ៥២នាក់ ក្នុងអំឡុងពេលនៃការដឹកនាំ ១១ឆ្នាំរបស់គាត់។ ការពិតទៅ ការចំណាយមិនច្រើនដូចគេនេះ ក៏ព្រោះតែពេលជំនាន់លោក Pep ដឹកនាំក្រុមមួយចំនួន គឺគាត់អាចទទួលបានកីឡាករដែលផ្ទេរមកគ្មានតម្លៃខ្លួន ដូចជា Robert Lewandoski ផ្ទេរមក Bayern Munich ដោយគ្មានតម្លៃផ្ទេរជាដើម។ ក្រៅពីនោះ គាត់ក៏ចេះពង្រឹងបន្តកីឡាករជើងចាស់របស់ក្លឹប នៅ Barcelona ដូចជា Lionel Messi, Xavi, Andres Iniesta ជាដើម។ ជាការកត់សម្គាល់ គឺលោក Guardiola បានឲ្យក្លឹបទិញកីឡាករច្រើន ពេលគាត់ដឹកនាំនៅ Man City។
៤. លោក Manuel Pellegrini

គ្រូបង្វឹកឈីលី វ័យ ៦៥ឆ្នាំនេះ ក៏ជាគ្រូបង្វឹកម្នាក់ ដែលទឹកមាត់ប្រៃ អាចឲ្យក្លឹបចំណាយប្រាក់ទិញកីឡាករច្រើន និងថ្លៃៗដែរ។ កីឡាករដំបូង ដែលគាត់ហ៊ានឲ្យក្លឹបទិញមិនស្តាយនោះ គឺ Cristiano Ronaldo ពី Man Utd ទៅកាន់ Real Madrid ក្នុងតម្លៃបំបែកកំណត់ត្រា ៨០លានផោន កាលពីឆ្នាំ ២០០៩។ បន្ទាប់មកពេលគាត់ទៅដឹកនាំ នៅ Man City គាត់ក៏បានឲ្យក្លឹបទិញ Kevin De Bruyne ក្នុងតម្លៃ ៥៥លានផោនដែរ។ ហើយបច្ចុប្បន្ន ពេលកំពុងដឹកនាំ West Ham ដែលជាក្លឹបមិនសូវជាធំមួយដែរនោះ គាត់ក៏បានឲ្យក្លឹបទិញកីឡាករ Sebastian Haller ក្នុងតម្លៃបំបែកកំណត់ត្រាក្លឹប ៤៥លានផោន និងទិញកីឡាករ Felipe Anderson ក្នុងតម្លៃ ៣៣.៥លានផោន។
៥. លោក Massimiliano Allegri

គ្រូបង្វឹកអ៊ីតាលី វ័យ ៥២ឆ្នាំ ក៏មានប្រវត្តិជោគជ័យមិនធម្មតា ជាពិសេសគឺពេលដឹកនាំ នៅ Juventus។ ក្នុងអាជីពដឹកនាំរយៈពេល ១៦ឆ្នាំមកនេះ លោក Allegri ដូចជាមិនសូវទិញកីឡាករច្រើន ក្នុងតម្លៃថ្លៃឡើយ ព្រោះគាត់ចេះវិធីសាស្ត្រទាក់ទាញបានកីឡាករមកដោយគ្មានតម្លៃខ្លួន។ គាត់ទើបតែបាន Cristiano Ronaldo ពី Real Madrid កាលពីរដូវកាលមុន ក្នុងតម្លៃបំបែកកំណត់ត្រាក្លឹប គឺ ៩៨លានផោន។ បន្ទាប់មកតម្លៃបន្ទាប់ គឺ ៧៥.៣លានផោន សម្រាប់ Gonzalo Higuain កាលពីឆ្នាំ ២០១៦ និង Joao Cancelo ក្នុងតម្លៃប្រមាណ ៤០លានផោន កាលពីឆ្នាំ ២០១៨៕