ការប្រកួតកីឡាជាតិ ដ៏ធំប្រចាំឆ្នាំរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានឈ្មោះថា « ការប្រកួតកីឡាជាតិ លើកទី២ » ដែលមានប្រភេទកីឡា២៧ រួមមានកីឡាបាល់ទាត់ បុរស-នារី ផងដែរនោះ នឹងយកទីតាំងប្រកួតនៅមជ្ឈមណ្ឌលសាលាបាល់ទាត់បាទី ទាំងអស់ លើកលែងតែវគ្គផ្ដាច់ព្រ័ត្រ។

មជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី
មជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី

ទីលានចំនួន៤ដែលស្ថិតនៅក្នុង មជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី នឹងត្រូវប្រើប្រាស់ទាំងអស់ តាំងពីវគ្គជម្រុះក្នុងពូល រួចឈានដល់វគ្គ១៦ក្រុមចុងក្រោយ, ៨ក្រុមចុងក្រោយ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ( ៤ក្រុមចុងក្រោយ ) ផងដែរ សរុបទាំងអស់៥៧ប្រកួត ទាំងលើវិញ្ញាសារបាល់ទាត់បុរស និងលើវិញ្ញាសារបាល់ទាត់នារី។

យ៉ាងណាមិញសម្រាប់ការប្រកួតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ទាំងវិញ្ញាសារបាល់ទាត់ និងវិញ្ញសារបាល់ទាត់នារី នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ដែលជាថ្ងៃបិទការប្រកួត និងបំពាក់មេដាយជូនជ័យលាភី។

តាមគម្រោងការប្រកួតលើវិញ្ញាសារបាល់ទាត់បុរស នឹងចាប់ផ្ដើមពីថ្ងៃទី ២៥ ខែ ឧសភា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ០២ ខែ មិថុនា ពោលគឺរយៈពេល១០ថ្ងៃ ខណៈវិញ្ញាសារបាល់ទាត់នារី នឹងចាប់ផ្ដើមពីថ្ងៃទី ៣០ ខែ ឧសភា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ០៤ ខែ មិថុនា ដែលជាថ្ងៃបិទព្រឹត្តិការណ៍ផ្ទាល់តែម្ដង។

សម្រាប់ប្រភេទកីឡាបាល់ទាត់ត្រូវបានចែកចេញជា២ផ្នែក បុរស-នារី ពោលគឺ បាល់ទាត់បុរស មាន២៥ក្រុម ចែកចេញជា៨ពូល ពូល A មាន៤ក្រុម ខណៈចាប់ពីពូល B ដល់ពូល H មានតែ៣ក្រុមប៉ុណ្ណោះ ដោយឡែក បាល់ទាត់នារី ដែលមាន៨ក្រុមចូលរួម ត្រូវបានបែងចែកចេញជា២ពូល។

ក្នុងឆ្នាំ២០១៨នេះ សម្រាប់ប្រភេទកីឡាបាល់ទាត់គឺកំណត់អាយុ លើបាល់ទាត់បុរស ត្រឹមអាយុក្រោម១៧ឆ្នាំ ខណៈបាល់ទាត់នារី តិចបំផុត១៦ឆ្នាំ និងច្រើនបំផុត២០ឆ្នាំ។

ទីលានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី
មជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី
តារាងការប្រកួតតាមពូល

ប្រភព៖ wearefootball