លោក Pep Guardiola ហាក់បង្ហាញក្តីរីករាយខ្លាំងមែនទែនចំពោះការបង្ហាញខ្លួនបានយ៉ាងល្អរបស់ខ្សែប្រយុទ្ធចំណូលថ្មី Jack Grealish, ខណៈនៅក្នុងការប្រកួតដែលក្រុម Manchester City លត់ទៅលើក្រុម Norwich City ៥ ទល់នឹង ០ ក្នុងនោះក៏ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស ក៏រកបាន ១ គ្រាប់ផងដែរ។

លោក Pep Guardiola នឹង Jack Grealish
លោក Pep Guardiola នឹង Jack Grealish

គួរបញ្ជាក់ថា គ្រាប់បាល់ទាំង ៥ គ្រាប់របស់ក្រុម Man City រកបានដោយកីឡាករ ៥ រូបផ្សេងគ្នា, គ្រាប់ទី ១ គឺជាការភ្លាត់ធ្វើឱ្យចូលទីខ្លួនឯងពីសំណាក់អ្នកចាំទី Tim Krul របស់ក្រុម Norwich, គ្រាប់ទី ២ រកបានដោយកីឡាករ Grealish, គ្រាប់ទី ៣ រកបានដោយកីឡាករ Aymeric Laporte, រីឯគ្រាប់ទី ៤ រកបានដោយកីឡាករ Raheem Sterling និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ Riyad Mahrez។

ក្រោយបញ្ចប់ការប្រកួតលោក Pep បានមានប្រសាសន៍ទាក់ទងនឹងគ្រាប់បាល់ដំបូងរបស់ Grealish យ៉ាងដូច្នេះថា៖ បាទ, វាជាជំហានដំបូង។ វាក៏ជាជ័យជម្នះដំបូងសម្រាប់់គាត់នៅក្នុងក្លិបរបស់ពួកយើងផងដែរ។ ខ្ញុំសង្ឃឹមថា វានឹងក្លាយជាគ្រាប់បាល់ទី ១ ក្នុងចំណោមគ្រាប់បាល់ជាច្រើនទៀត, ខ្ញុំមើលទៅគាត់ពិតជាមានភាពរហ័សរហួនជាមួយបាល់ខ្លាំងណាស់។ វាជារឿងល្អមែនទែន។ បាទមែនហើយ គាត់នឹងអាចរកបានគ្រាប់បាល់អស្ចារ្យជាច្រើនបន្ថែមទៀត ប៉ុន្តែយ៉ាងណាយើងក៏មិនភ្លេចជួយគាត់ក្នុងការរកគ្រាប់បាល់ដែរ៕