មិនត្រឹមតែប៉ះបឹងកេតទេ ក្រុមចម្រុះ J-LEAGUE គ្រោងជួប U19 បាទី ដែរ
លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា ហៅកាត់ CNCC បង្ហើបថា នៅដើមខែសីហា ខាងមុខ ក្រុមកីឡាករបាល់ទាត់ចម្រុះពីក្របខណ្ឌ J-League របស់ជប៉ុន នឹងមកប្រកួតមិត្តភាពជាមួយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៩ឆ្នាំ និង ក្លិបបឹងកេត នាដើមខែសីហា ខាងមុខ។

លេខាធិការប្រតិបត្តិដដែលបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងដើម្បីជាផ្នែករឹតចំណងមិត្តភាពរវាងកម្ពុជា និង ជប៉ុន ដោយជួបជាមួយ U19 បាទី នៅថ្ងៃសុក្រ ទី០៣ សីហា និង ថ្ងៃអាទិត្យ ទី០៥ ខែសីហា នាពហុកីឡដ្ឋានជាតិ។
លោក ឆាំង ពិសិដ្ឋ លម្អិតបែបនេះ ៖ “សហព័ន្ធកីឡាបាល់ទាត់ជប៉ុននឹងបញ្ជូនក្រុមកីឡាករបាល់ទាត់ JFL Selection Team មានន័យថា ក្រុមជម្រើសលីគជប៉ុនតែម្ដង ប្រមូលផ្ដុំហ្វឹកហាត់នៅកម្ពុជា ដោយភាគីជប៉ុនក៏សូមមានការប្រកួតមិត្តភាពជាមួយក្លិបកំពុងឈរទីកំពូលនៅកម្ពុជា មានន័យថា ក្លិបបឹងកេត ហើយការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី០៥ សីហា។ ហើយមុនជួបជាមួយបឹងកេតនេះដែរ JFL Selection Team ក៏នឹងត្រូវជួបជាមួយ U19 បាទី ដែលដឹកនាំដោយគ្រូបង្គោលជនជាតិជប៉ុនដែរ”។

តំណាង CNCC រូបនេះបន្តថា ដោយមានការយោគយល់ពីសំណាក់ក្លិបក្រសួងការពារជាតិ ជំនួបរវាងពួកគេ និង បឹងកេត ត្រូវបានប្ដូរពីថ្ងៃអាទិត្យ ទី០៥ សីហា ទៅកាន់ថ្ងៃទី២៧ ខែកក្កដា វិញ ព្រោះយល់ថា ជាឱកាសដ៏ល្អសម្រាប់កម្ពុជា ដែលមានក្រុមពីជប៉ុនមកចែករំលែកបទពិសោធ៕

អត្ថបទ៖ CNCC