មិនទាន់ប្រកាសផ្លូវការ តែ Lukaku កាន់អាវ Chelsea តាំងពីនៅអ៊ីតាលីទៅហើយ
ខ្សែប្រយុទ្ធ Romelu Lukaku ត្រូវបានគេប្រទះឃើញកាន់អាវរបស់ Chelsea ក្នុងទីក្រុង Milan ខណៈខិតជិតផ្ទេរមក Stamford Bridge មែនទែនហើយក្នុងតម្លៃខ្លួន៩៧,៥លានផោន។

រូបភាពត្រូវបានចែកចាយពេញបណ្ដាញសង្គម Lukaku កាន់អាវក្នុងដៃរបស់ក្រុមតោខៀតអង្គុយនៅកៅអីខាងក្រោយ។ តាមការឲ្យដឹង កីឡាករវ័យ២៨ឆ្នាំបានបំពេញការពិនិត្យសុខភាពនៅទីក្រុង Milan រួចរាល់ ដោយគ្មានបញ្ហាអ្វីទាំងអស់។
កីឡាករសញ្ជាតិបែលហ្សុិកនឹងត្រឡប់ទៅចូលរួមជាមួយ Chelsea វិញក្នុងតម្លៃខ្លួន៩៧,៥លានផោន ហើយការប្រកាសផ្លូវការនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។
Lukaku បានចាកចេញពី Chelsea កាលពីឆ្នាំ២០១៤ បន្ទាប់ពីបង្ហាញខ្លួនបានតេ១៥ប្រកួត ក្នុងរយៈពេល៣ឆ្នាំ។ ការផ្លាស់មកកាន់ Inter Milan គេបានបង្ហាញទម្រង់លេងល្អមែនទែន រកបាន៦៤គ្រាប់ ក្នុងការបង្ហាញខ្លួន៩៥ប្រកួតគិតគ្រប់កម្មវិធីនិង ជួយក្រុមឈ្នះពាន Serie A រដូវកាលមុន៕