Wayne Rooney បាន​ជំរុញ​ឲ្យ Manchester United បំភ្លេច​ការ​ប្រជែង Top 4 ទៅ​ ដោយ​សារ​តែ​ពូក​គេ​មិន​​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​លេង​នៅ​ពាន Champions League រដូវ​កាល​ក្រោយ​ឡើយ។

Wayne Rooney
Wayne Rooney

ម្ចាស់​កំណត់ត្រា​រក​​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​របស់​បិសាច​ក្រហម Rooney បាន​ផ្ដល់​ជា​មតិ​ថា ក្លឹប​​គួរ​តែ​​ផ្ដោត​លើ​អនាគត​និង​រៀបចំ​ក្រុម​ឡើង​វិញ ដែល​ត្រូវ​ចំណាយ​ពេល​៣​ឆ្នាំ។ ឱកាស​ប្រជែង​​​ក្រុម​កំពូល​ទាំង​៤​របស់ United បាន​ធ្លាក់​​គម្លាត​បន្តិច​ ក្រោយ​កាល​ពី​ចុង​សប្ដាហ៍​ពួក​គេ​ប្រកួត​ស្មើ​គ្នា​ជាមួយ Leicester City ១-១ នៅ Old Trafford។

បច្ចុប្បន្ន​ក្រុម​លោក Ralf Rangnick កំពុង​ស្ថិត​នៅ​លេខ​៧ ដែល​តំណែង​នេះ​សូម្បី​តែ​ពាន​ Europa League រដូវ​កាល​ក្រោយ​ក៏​មិន​​អាច​លេង​បាន​ដែរ។ ​៤​ប្រកួត​បន្ទាប់ Man Utd ត្រូវ​​ជួប Everton, Norwich, Liverpool និង Arsenal ដូច្នេះ​ពួក​គេ​ត្រូវ​តែ​ប្រឹង​កុំ​ឲ្យ​របូត​ពិន្ទុ​ឲ្យ​សោះ។

ផ្ទុះ​ពី​អ្វី​ដែល​ក្លឹប​ចង់​បាន Rooney ជឿជាក់​វា​គឺ​ជា​ផល​ចំណេញ​ប្រសិន​ Man United មិន​បាន​លេង​នៅ UCL ដោយ​​ជំនួស​ពេលវេលា​ពង្រឹង​ក្រុម​ជា​ការ​ល្អ​ជាង។ អតីត​ជម្រើសជាតិ​​បាន​បញ្ចេញ​​គំនិត​របស់​ខ្លួន​ថា Man United គួរ​បំភ្លេច​ Champions League ព្រោះ​ពួក​គេ​មិន​មាន​សមត្ថភាព​លេង​នៅ​ឆ្នាំ​ក្រោយ​ឡើយ។ ពួក​គេ​គួរ​ចំណាយ​ពេល​រៀបចំ​ក្រុម​ឡើង​វិញ​ទើប​ប្រសើរ​ជាង។ ពួក​គេ​គួរ​ចំណាយ​ពេល​៣​ឆ្នាំ​ដើម្បី​រៀបចំ​ឡើង​វិញ ដើម្បី​មាន​សមត្ថភាព​​ទៅ​លេង UCL ពេល​ក្រោយ។

Rooney បាន​ដើរ​តួ​ជា​កីឡាករ​​ផង​និង​​​អ្នក​ចាត់​ការ​ផង​​ក្នុង​ក្លឹប Derby County ​កាល​ពី​ឆ្នាំ​២០២០ ក្រោយ​ចាកចេញ​ពី​ក្លឹប​របស់​អាមេរិក D.C United។ ខែ​ មករា ឆ្នាំ ២០២១ បុរស​វ័យ​៣៦​ឆ្នាំ​បាន​សម្រេច​ចិត្ត​ចូលនិវត្តន៍​ពី​បាល់ទាត់​តែ​ម្ដង ដោយ​​ធ្វើ​ជា​អ្នក​ចាត់​ការ​ពេញលេញ​របស់ Derby County៕