លោក​ស្រី​ Fayza Lamari ដែល​ជា​ម្ដាយ​បង្កើត​របស់​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe បាន​ធ្វើ​ការ​បដិសេធ​នូវ​សារព័ត៌មាន​បារាំង​ Le Parisien ដែល​ក្រោយ​មក​ត្រូវ​បាន​សារព័ត៌មាន​ធំៗ​យក​ចុះ​ផ្សាយ​បន្ត​បន្ទាប់​ ដែល​បាន​ចុះ​ផ្សាយ​ថា​ កូន​របស់​ខ្លួន​បាន​ព្រម​បន្ត​កុងត្រា​ថ្មី​រយៈពេល​ ២ឆ្នាំ​ជា​មួយ​ក្លឹប​ Paris Saint Germain ។

Kylian Mbappe
Kylian Mbappe

បើ​តាម​សារព័ត៌មាន​បារាំង​ខាង​លើ​នេះ​ Mbappe ព្រម​ជា​មួយ​ PSG ដោយ​បន្ត​កុងត្រា​ថ្មី​រយៈពេល​២ឆ្នាំ​នឹង​និង​មាន​លក្ខខ័ណ្ឌ​បន្ត​កុងត្រា​ថ្មី​ទៀត​ផង រី​ឯ​ប្រាក់​ពលកម្ម​វិញ​នឹង​ទទួល​បាន​ប្រមាណ​ ៥៣លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ថែម​ទាំង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ជាង​ ១០៦លាន​ដុល្លារ​ទៀត​ នៅ​ពេល​ចុះ​កុងត្រា​ថ្មី​ជា​ផ្លូវការ​។

យ៉ាង​ណា​ម្ដាយ​ Mbappe បាន​ចេញ​មុខ​បដិសេធ​នូវ​ព័ត៌មាន​នេះ​ភ្លាមៗ​ដោយ​បាន​និយាយ​ទៅ​កាន់​ Marca ថា​៖” ព័ត៌មាន​នេះ​គឺ​មិន​ត្រឹមត្រូវ​ទាំង​ស្រុង​តែ​ម្ដង​ ដែល​ថា​ Kylian បាន​ព្រម​បន្ត​កុងត្រា​ថ្មី​ “។

Mbappe នឹង​ចប់​កុងត្រា​នឹង​ PSG នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២ខាង​មុខ​ ដោយ​មក​ទល់​នឹង​ពេល​នេះ​កីឡាករ​នេះ​នៅ​តែ​មិន​ទាន់​សម្រេច​ចិត្ត​ច្បាស់​លាស់​ថា​នៅ​បន្ត​ក្លឹប​បារាំង​នេះ​ ឬ​ទៅ​ Real Madrid។ រី​ឯ​ភាគី​ PSG និង​ Real Madrid  វិញ​សុទ្ធ​តែ​បង្ហាញ​ជំហរ​ចង់​បាន​រហូត​មក​៕