រកឃើញ៤ក្រុម ដែលឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Hun Sen Cup ហើយ
ការប្រកួត Hun Sen Cup 2018 រកឃើញក្រុម៤ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីចប់ការប្រកួតជើងទី២នាល្ងាចថ្ងៃពុធ ទី៨ ខែសីហានេះ។ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ណាហ្គាវើល អង្គរថាយហ្គឺរ និងក្រសួងការពារជាតិ បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង បឹងកេត ភ្នំពេញក្រោន និង យុវជនអាយុក្រោម១៨ឆ្នាំសាលាបាល់ទាត់ជាតិបាទីត្រូវអស់ឱកាសត្រឹមវគ្គ៨ក្រុមចុងក្រោយនេះហើយ។
ការប្រកួតដែលចាប់ផ្តើមវេលាម៉ោង៦ល្ងាចនេះមានដល់ទី៣គូដែលត្រូវបានថែមម៉ោង១៥នាទីពីរដង បន្ទាប់ពីក្រុមក្រៅដីបានព្យាយាមវាយបកដើម្បីតាមស្មើក្នុងជើងទី២នេះ បន្ទាប់ពីចាញ់កាលពីជើងទី១។ ភ្នំពេញក្រោនអស់ឱកាសឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ចាញ់អង្គរថាយហ្គឺរដោយការទាត់ប៉េណាល់ទីកាត់សេចក្តីដោយលទ្ធផល ៣-៤ ក្រោយពេលក្រុមមកពីខេត្តសៀមរាបបានវាយបកឈ្នះជើងទី២ដោយលទ្ធផល ៤-១។
ចំណែកក្រុមបឹងកេតមិនអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានឡើយ បន្ទាប់ពីចាញ់ណាហ្គាវើលដោយការទាត់ប៉េណាល់ទីកាត់សេចក្តីដោយលទ្ធផល ២-៣ បន្ទាប់ពីប្រើពេល១២០នាទីយកឈ្នះណាហ្គាវើល ៣-១ ក្នុងជើងទី២។
ដោយឡែកក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង បានចាញ់ក្រសួងការពារជាតិដោយការទាត់ប៉េណាល់ទីកាត់សេចក្តីក្នុងលទ្ធផល ៤-៥ បន្ទាប់ពី១២០នាទីចាញ់ក្រសួងការពារជាតិ ២-១ ក្នុងជើងទី២នេះ។ គ្រាប់បាល់បរាជ័យរបស់ព្រះខ័នរាជស្វាយរៀងគឺជាការស៊ុតមិនចូលរបស់កីឡាករ ស៊ួន សុវណ្ណ។
លទ្ធផលការប្រកួតជើងទី២៖
- បឹងកេត ៣-១ ណាហ្គាវើល (ណាហ្គាវើលឈ្នះប៉េណាល់ទី ៣-២) (សរុប២ជើង៖ ណាហ្គា ៣-៣ បឹងកេត)
- ភ្នពេញក្រោន ១-៤ អង្គរថាយហ្គឺរ (អង្គរថាយហ្គឺរឈ្នះប៉េណាល់ទី ៤-៣) (សរុប២ជើង៖ អង្គរថាយហ្គឺរ៖ ៤-៤ ភ្នំពេញក្រោន)
- ព្រះខ័នរាជស្វាយរៀង ១-២ ក្រសួងការពារជាតិ (ការពារជាតិឈ្នះប៉េណាល់ទី ៥-៤) (សរុប២ជើង៖ ក្រសួងការពារជាតិ ២-២ ព្រះខ័នរាជស្វាយរៀង)
- U18 បាទី ១-៦ ប៉ូលិស (សរុប២ជើង៖ ប៉ូលិស ៩-១ U18 បាទី)