ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បាននាំចូលកីឡាករចំនួន ០៥រូបហើយ គិតត្រឹមរយៈពេលពេញ ១ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ សម្រាប់ដើម្បីធ្វើការត្រៀមខ្លួនមុនរដូវកាល ២០១៩ចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

អង្គរថាយហ្គឺរ

ផ្តើមដំបូងបង្អស់នៅដើមខែវិច្ឆិកា ពួកគេបានប្រកាសជាផ្លូវការនូវការចុះកុងត្រាជាមួយយុវជន ០៣រូប រួមមាន យី ប៊ុនហេង (អ្នកចាំទី) ខ្សែប្រយុទ្ធ ឡុង ភារ៉ាត់ និង ឈឿន ពិសិដ្ឋ ហើយកាលពីម្សិលមិញ ថាយហ្គឺរ ក៏បានប្រកាសចុះកុងត្រា ១រដូវកាលជាមួយខ្សែប្រយុទ្ធមាឌធំ Okereke Timothy ដែលជាអតីតកីឡាកររបស់ពួកគេកាលពីដើមរដូវកាល ២០១៨នេះផងដែរ ។

រីឯនៅក្នុងថ្ងៃទី ៣០ ខែ វិច្ឆិកានេះ ថាយហ្គឺរ ក៏បានប្រកាសនាំចូលយុវជនអាយុ ១៦ឆ្នាំ របស់ក្រុមបាល់ទាត់មិនអាជីពមួយនៅក្នុងខេត្តសៀមរាប គឺកីឡាករ ចាន់ ហួង ដែលធ្លាប់ជាអតីតយុវជនសាលាបាល់ទាត់ជាតិបាទី ផងដែរ តែកិច្ចសន្យារបស់ ចាន់ ហួង ត្រូវបានក្លិបប្រកាសថាមានរយៈពេលវែង ។

គួររំលឹកថា អង្គរថាយហ្គឺរ ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Oriol Mohedano បានបញ្ចប់រដូវកាល ២០១៨នៃលីគកំពូលកម្ពុជា ដោយស្ថិតនៅលេខរៀងទី ៨ និង ចំណាត់ថ្នាក់លេខ ៣ស្ទួន ក្នុងពានរង្វាន់ Hun Sen Cup ប្រចាំឆ្នាំ ២០១៨ផងដែរ ៕