ការប្រកួតបាល់ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨ នឹងចាប់ផ្តើមជុំទីពីរ នៅចុងសប្តាហ៍នេះហើយ ពោលគឺប្រកួតទី ១២ ដែលក្រុមទាំង ១២ ត្រូវបន្តប្រកួតប្តូរទឹកដី ចំនួន ១១ប្រកួតសម្រាប់ក្រុមនិមួយៗ សន្សំពិន្ទុ ក្នុងដំណើរទៅបញ្ចប់រដូវកាលស្វែងរកក្រុមជើងឯក។

គ្រាដែលទីផ្សារដោះដូរកីឡាករកំពុងតែបើកទ្វារសម្រាប់ពាក់កណ្តាលរដូវកាលនេះ គេសង្គេតឃើញថាមានកីឡាករសំខាន់ៗជាច្រើន ត្រៀមបង្ហាញខ្លួនឲ្យក្លិបរបស់ពួកគេ ក្នុងជើងទីពីរនេះ ។

កែវ សុខផេង ដែលបានចាកចេញពីក្លិបបាល់ទាត់ភ្នំពេញក្រោន ទៅចូលរួមជាមួយក្លិប PKNP FC នៅលីគកំពូលម៉ាឡេស៊ី បានត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីមិនជោគជ័យក្នុងការប្រកបអាជីពក្រៅប្រទេស ហើយបានចូលរួមជាមួយនឹងក្លិបទើបឡើងពីលីគទីពីរកម្ពុជា វិសាខា ជាមួយនឹងខ្សែការពារ សុខ សុវណ្ណ ដែលផ្ទេរចេញពីក្លិបបឹងកេត។

កែវ សុខផេង, សុខ សុវណ្ណ
កែវ សុខផេង, សុខ សុវណ្ណ

ចាន់ វឌ្ឍនាកា បានចូលរួមក្នុងក្រុមចាស់របស់ខ្លួនវិញ បឹងកេតអេហ្វស៊ី បន្ទាប់ពីចំណាយពេល ១៨ខែនៅក្រៅប្រទេស (១ឆ្នាំនៅជប៉ុន និង ប្រមាណ ៤ខែ នៅម៉ាឡេស៊ី ) ។

ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា

ក្រឡែកទៅខ្សែប្រយុទ្ធកម្ពុជាមួយរូបទៀតវិញ ប្រាក់ មុន្នីឧត្តម ក៏វិលត្រឡប់មកចូលរួមជាមួយក្លិបដើម ព្រះខ័នរាជស្វាយរៀង វិញផងដែរ ក្រោយពីមិនជោគជ័យនៅម៉ាឡេស៊ីដូចកីឡាករពីររូបខាងលើ។

ប្រាក់ មុន្នីឧត្តម
ប្រាក់ មុន្នីឧត្តម

ចំណែកឯអ្នកចាំទីឆ្នើមរបស់ក្រុមជើងឯកបឹងកេត ស៊ូ យ៉ាទី បានសម្រេចចែកផ្លូវគ្នាជាមួយក្លឹប ទៅចូលរួមជាមួយ ក្លឹបណាហ្គាវើលដ៌ វិញ។

ស៊ូ យ៉ាទី
ស៊ូ យ៉ាទី

សូមបញ្ជាក់ថា ទីផ្សារដោះដូរកីឡាករពាក់កណ្តាលរដូវកាល ២០១៨ នេះ នឹងបិទទ្វារនៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨ ខណៈដែលតាមការជូនដំណឹងរបស់ CNCC ក្លិបទាំង ១២ ក្នុងលីគកំពូលមានសិទ្ធិចុះឈ្មោះកីឡាករក្នុងស្រុក ៣រូប និងបរទេស ៣រូបផងដែរ ៕

កាលវិភាគប្រកួតសប្តាហ៍ទី ១២៖

ថ្ងៃសៅរ៍

សូលទីឡូអង្គរ Vs ភ្នំពេញក្រោន

ព្រះខ័នរាជស្វាយរៀង Vs ណាហ្គាវើល

បឹងកេតអេហ្វស៊ី Vs អាស៊ីអឺរ៉ុបយូណាយធីត

ថ្ងៃអាទិត្យ

អគ្គិសនីកម្ពុជា Vs វិសាខា

វេស្ទើនភ្នំពេញ Vs អគ្គស្នងការដ្ឋាននគរបាលជាតិ

ក្រសួងការពារជាតិ Vs អង្គរថាយហ្គឺរ

ប្រភព៖ bongpress