ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងឈប់សម្រាក់រហូតដល់២សប្តាហ៍ ដើម្បីទុកពេលឲ្យក្រុមជម្រើសជាតិកម្ពុជា បានត្រៀមលក្ខណៈសម្បត្តិឲ្យបានល្អ ដើម្បីប្រកួតបើកឆាក ក្នុងវគ្គជម្រុះជុំទី២ នៃពាន FIFA World Cup Qatar & Asian Cup 2023 ជាមួយក្រុមជម្រើសជាតិហុងកុង។

លីគកំពូលកម្ពុជា
លីគកំពូលកម្ពុជា

បើតាមមន្រ្តីគណៈកម្មការប្រកួតបាល់ទាត់កម្ពុជា ហៅកាត់ថា CNCC បានប្រាប់ឲ្យដឹងថា ការប្រកួតលីកកំពូលកម្ពុជា ដែលនឹងត្រូវធ្វើនៅថ្ងៃសៅរ៍ ទី៣០ ខែសីហា និងថ្ងៃអាទិត្យទី១ ខែកញ្ញា ចុងសប្តាហ៍នេះ ត្រូវបានលើកពេលយកទៅធ្វើនៅថ្ងៃទី១៤ និងទី១៥ ខែកញ្ញា ខាងមុខវិញ។

ការលើកពេលប្រកួតលីកកំពូលកម្ពុជានេះ ត្រូវបានគេដឹងថា ដើម្បីទុកពេលឲ្យក្រុមជម្រើសជាតិកម្ពុជា បានប្រមូលផ្តុំហ្វឹកហាត់ ព្រោះក្រុមតំណាងឲ្យកម្ពុជាមួយនេះ បានចាប់ផ្តើមហ្វឹកហាត់ជុំគ្នា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិហុងកុង នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ។

សម្រាប់ការប្រកួតបើកឆាកក្នុងពូលC ក្នុងនាមជាម្ចាស់ផ្ទះលើកនេះ វាបានក្លាយជាពេលវេលាដ៏ល្អបំផុត ដែលក្រុមជម្រើសជាតិកម្ពុជា មានឱកាសអាចប្រជែងរក៣ពិន្ទុ ព្រោះនៅក្នុងពូលនេះ មានតែក្រុមហុងកុង នេះទេ ដែលមានកម្រិតលេងប្រកៀកប្រកិតនឹងកម្ពុជា ខណៈក្រុម៣ទៀត មានក្រុមបារ៉ែន ក្រុមអ៊ីរ៉ាក់ និងក្រុមអ៊ីរ៉ង់ សុទ្ធតែជាក្រុមមានកម្រិតលេងខ្ពស់ និងមានចំណាត់ថ្នាក់ពិភពលោកល្អដាច់ជាងក្រុមកម្ពុជា។

ជាមួយគ្នានេះក្រុមការងាររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននឹងកំពុងមមាញឹក ក្នុងការលក់សំបុត្រនៃការប្រកួតរវាងក្រុមទាំង២នេះ ទៅឲ្យអ្នកគាំទ្រ ដោយក្នុងនោះសំបុត្រប្រភេទទី១ មានតម្លៃ១០០០០រៀល និងប្រភេទទី២ មានតម្លៃ៥០០០រៀល ក្នុង១សន្លឹក ហើយការប្រកួតនេះ ក៏មានការផ្សាយផ្ទាល់តាម BTV ផងដែរ៕