លឿនៗ Barcelona ចុះកុងត្រាយក Eric Garcia កុងត្រា៥ឆ្នាំឯណោះ
បន្ទាប់ពីជោគជ័យក្នុងការចុះកុងត្រាយក Sergio Aguero កាលពីយប់មិញមក ស្រាប់តែពេលនេះក្រុម FC Barcelona បានបង្ហាញកីឡាករថ្មីម្នាក់ទៀតហើយ ដែលយកចេញពី Manchester City ដែរ។

Eric Garcia ខ្សែការពារវ័យក្មេងដែលផុតកុងត្រាជាមួយក្រុម Manchester City នៅរដូវកាលនេះ ត្រូវបានក្រុម Barcelona ចុះកុងត្រាយកបានហើយ។ រូបគេ នឹងក្លាយជាកីឡាករក្រុមអ្នកមានបុណ្យរហូតដល់ឆ្នាំ២០២៦ឯណោះ ហើយតម្លៃផ្ដាច់កុងត្រាថ្មីវិញ មានរហូតដល់៤០០លានអឺរ៉ូ។

អតីតយុវជនរបស់ក្រុម Barcelona ខាងលើត្បិតតែមិនសូវបានលេងនៅរដូវកាលនេះក្រោមការដឹកនាំរបស់លោក Pep មែន ប៉ុន្តែរូបគេក៏មានឈ្មោះក្នុងក្រុមជម្រើសជាតិអេស្ប៉ាញដើម្បីត្រៀមលេង Euro 2020 ខាងមុខនេះផងដែរ។ គេសង្កេតឃើញថានារដូវកាលដោះដូរនេះ ក្រុម FC Barcelona ហាក់ដូចជាពន្លឿនមែនទែន ក្នុងការចុះកុងត្រា ជាពិសេសទៅលើកីឡាករដែលផុតកុងត្រាជាមួយក្លឹបចាស់។ ប្រភពនៅអេស្ប៉ាញ បានបញ្ជាក់ថានៅមានម្នាក់ទៀតដែលនឹងចុះកុងត្រាឆាប់ៗនេះដែរ គឺ Georginio Wijnaldum ដែលផុតកុងត្រានៅ Liverpool ទៅហើយនោះ៕