គោលដៅរបស់លោក​ Ralf Rangnick គ្រូបង្វឹកបណ្តោះអាសន្នក្រុម Manchester United កីឡាករ Boubacar Kamara ត្រូវបានគេរាយការណ៍មកថា បានបដិសេធកុងត្រាថ្មីរបស់ខ្លួនជាមួយក្រុម Marseille ស្របពេលបច្ចុប្បន្នកំពុងមានទំនាក់ទំនងផ្ទេរមកកាន់ទឹកដី Old Trafford។

Boubacar Kamara
Boubacar Kamara

Kamara ដែលឥឡូវនេះមានវ័យ ២២ ឆ្នាំ រូបគេបង្ហាញខ្លួនសរុបបានចំនួន ១៤២ ប្រកួតហើយឱ្យក្រុម Marseille ក្នុងនោះរូបគេរកបាន ៤ គ្រាប់ផងដែរ, យ៉ាងណាមិញ ខ្សែបម្រើកណ្តាលសញ្ជាតិ បារាំង រូបនេះគឺនៅសល់កុងត្រាជាមួយក្លិបបច្ចុប្បន្នត្រឹមតែ ១ រដូវកាលទៀតប៉ុណ្ណោះ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២២ នេះហើយ។

យោងតាមការចុះផ្សាយរបស់កាសែតបារាំង L’Equipe បានឱ្យដឹងថា Marseille គ្រោងបន្តកុងត្រាថ្មីជូន Kamara ដោយផ្តល់លក្ខខណ្ឌពិសេសជូនរូបគេក្នុងការទទួលបានប្រាក់ចំណូលខ្ពស់ជាងគេប្រចាំក្រុម ប៉ុន្តែមកដល់ពេលនេះទៅហើយរូបគេនៅមិនទាន់សម្រេចចិត្តច្បាស់លាស់នៅឡើយទេ។

តាមរបាយការណ៍ដដែលបានបញ្ជាក់ថា ក្លិបណាដែលចង់បាន Kamara គឺអាចបើកការចរចារមុនកុងត្រានៅថ្ងៃទី ១ ខែមករានេះបាន ហើយ Man UTD ត្រូវបានគេដឹងថាជាក្លិបមួយដែលមានសក្តានុពលជាងគេក្នុងការចុះកុងត្រាយកបានខ្សែបម្រើសញ្ជាតិ បារាំង៕