លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងពុំមានវត្តមានក្នុងស្រុករយៈពេលមួយសប្ដាហ៍ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ឧសភា ដោយត្រូវចូលរួមវគ្គសិក្សាពិសេសជាលក្ខណៈអន្តរជាតិមួយស្ដីពីការអភិវឌ្ឍបាល់ទាត់នៅប្រទេសជប៉ុន។

photo of លោក ប្រាក់ សុវណ្ណារ៉ា
លោក ប្រាក់ សុវណ្ណារ៉ា

គ្រូបង្វឹកកម្រិត Pro-License ឲ្យដឹងថា ការចូលរួមសិក្ខាសាលាពិសេសនេះធ្វើឡើងដោយតបតាមការអញ្ជើញពីសហព័ន្ធបាល់ទាត់ជប៉ុន ហើយក្នុងដំណើរទៅកាន់ប្រទេសដ៏ជឿនលឿនខាងលើ ក៏មានវត្តមានលោក Kazunori Ohara នាយកបច្ចេកទេសប្រចាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។ លោក ប្រាក់ សុវណ្ណារ៉ា រំពឹងថា នឹងយកចំណេះដឹងទាំងប៉ុន្មានមកចែករំលែកដើម្បីជាផ្នែកអភិវឌ្ឍន៍បាល់ទាត់ជាតិ។

អតីត​គ្រូ​បង្វឹក​ក្លិបបឹងកេត រៀបរាប់បែបនេះ ៖” វគ្គនេះជាវគ្គមួយសំខាន់ដែលសហព័ន្ធបាល់ទាត់ជប៉ុនគេធ្វើឡើងក្នុងគោលបំណងអញ្ជើញមន្ត្រីគ្រប់គ្រងផ្នែកបច្ចេកទេសអភិវឌ្ឍន៍ធនធានគ្រូ ដែលទទួលខុសត្រូវសំខាន់ក្នុងការអភិវឌ្ឍបាល់ទាត់ប្រទេសមួយៗដើម្បីជជែក ណែនាំអំពីគោលគំនិតថ្មីៗក្នុងការដាក់ផែនការអភិវឌ្ឍយុវជន។​​ វគ្គហ្នឹងគេហៅថា វគ្គសិក្សាអន្តរជាតិ​ ហើយសិក្ខាកាមធំៗមកពីតំបន់អាស៊ីទាំងមូល”។

គួរដឹងដែរថា ក្រៅពីមានតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិ លោក ប្រាក់ សុវណ្ណារ៉ា ក៏ជាគ្រូឧទ្ទេសមួយរូបប្រចាំសហព័ន្ធបាល់ទាត់អាស៊ី និង ជាគ្រូបណ្ដុះបណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែរ។ ពូបង្កើតតារាឆ្នើម ប្រាក់ មុន្នីឧត្តម ទើបដឹកនាំក្រុមជម្រើសជាតិ U21 កម្ពុជា បានជើងឯករងពានរង្វាន់ព្រះមហាក្សត្រប្រ៊ុយណេ កាលថ្មីៗនេះ និង ត្រៀមនាំក្រុមធំប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ចុងឆ្នាំ២០១៨នេះ៕

ប្រភពពី៖ Keiladaily