លោក Adrian Mutu ទម្លាយថា Zlatan ដាស់គាត់ទាំងយប់ដោយសារ…
លោក Adrian Mutu បានទម្លាយថា នៅយប់មួយ Zlatan Ibrahimovic បានធ្លាប់មកដាស់គាត់ទាំងយប់ ដោយសារយល់សប្តិឃើញកីឡាករ Cristiano Ronaldo លេងបាល់ល្អជាងគាត់។

ជាការពិតណាស់ លោក Mutu បច្ចុប្បន្នជាអ្នកចាត់ការរបស់ក្លិប FC U Craiova នៃលីគប្រទេស រ៉ូម៉ានី ហើយលោកធ្លាប់ជាមិត្តល្អ និងជាមិត្តរួមក្រុមរបស់ Zlatan នៅ Juventus។ ប៉ុន្តឥឡូវនេះខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត នៅបន្តអាជីពជាកីឡាករបាល់ទាត់នៅឡើយទេ ដ្បិតមានវ័យ ៤០ ឆ្នាំទៅហើយក្តី។
លោក Mutu បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “Zlatan គាត់ល្អខ្លាំងណាស់។ ពួកយើងក៏ធ្លាប់គេងក្នុងបន្ទប់រួមគ្នាផងដែរ។ យប់មួយ, គាត់ស្រាប់តែភ្ញាក់ពីគេង។ ហើយគាត់បានមកដាស់ខ្ញុំ និងបានប្រាប់ខ្ញុំថា៖ Adi, ក្រោកឡើង! ខ្ញុំបានយល់សប្តិអាក្រក់។ ខ្ញុំបានយល់សប្តិឃើញ Ronaldo លេងបាល់ល្អជាងខ្ញុំ! ហើយបន្ទាប់មកគាត់ក៏បានត្រឡប់ទៅគេងធម្មតាវិញនៅពេលខ្ញុំនិយាយលួងលោមថា៖ ទេ,ទេ! អ្នកជាកីឡាករល្អបំផុតនៅលើពិភពលោកយើងនេះ! គេងទៅ” ៕