អ្នកចាត់ការរបស់ក្រុម Real Madrid លោក Carlo Ancelotti បានមានប្រសាសន៍ដោយបើកចំហថា ការប្រកួតនៅក្នុងក្របខណ្ឌ La Liga សម្រាប់រដូវកាល ២០២១-២០២២ នេះ, លោកមិនបានចាត់ទុក Barcelona ជាក្រុមគូប្រជែងឡើយ។

Carlo Ancelotti
Carlo Ancelotti

ជាការពិតណាស់ នៅរដូវកាលនេះ Barca ហាក់ធ្លាក់ទម្រង់លេងខ្លាំងមែនទែន, ជាពិសេសក្រោយពេល Lionel Messi និងកីឡាករឆ្នើមៗមួយចំនួនទៀតចាកចេញ, ខណៈបច្ចុប្បន្នពួកគេឈរនៅលេខរៀងទី ៧ នៃក្របខណ្ឌ La Liga ដោយឆ្លងកាត់ ១៧ ប្រកួត, ឈ្នះ ៧ ស្មើ ៦ និង ចាញ់ ៤ មាន ២៧ ពិន្ទុ, ហើយថ្មីៗនេះពួកគេក៏ទើបតែធ្លាក់ចេញពី Champions League ផងដែរ។

រម្លឹក មុនប្រកួតជាមួយក្រុម Elche យប់មិញលោក Xavi បានមានប្រសាសន៍ថា លោកនឹងខិតខំប្រឹងជួយឱ្យ Barca ឈរនៅចំណាត់ថ្នាក់ក្រុមកំំពូលទាំង ៤ ក្រោយបញ្ចប់រដូវកាល, ជាមួយគ្នានេះលោកបានបន្ថែមថា នៅពេលខាងមុខនឹងគ្មានក្រុមណាអាចរារាំងមិនឱ្យក្រុមអ្នកមានបុណ្យឈ្នះពានរង្វាន់ La Liga បានឡើយ។

ទាក់ទងនឹងរឿងខាងលើលោក Ancelotti បានបង្ហាញការយល់ឃើញ និងបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “បច្ចុប្បន្ន Barca មិនមែនជាគូប្រជែងជាមួយពួកយើងទេ ដោយសារឥឡូវនេះមានក្រុមដទៃទៀតដែលកំពុងមានភាពរីកចម្រើនខ្លាំងជាងពួកគេ។ ប៉ុន្តែពួកគេនៅតែជាក្រុមដែលមានគុណភាព ហើយប្រសិនបើខ្ញុំជាគ្រូបង្វឹករបស់ Barcelona ខ្ញុំក៏គួរតែនិយាយដូច Xavi អ៊ីចឹងដែរ ”៕