លោក Antonio Conte នឹងចាកចេញ Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះ

ក្លឹបតោខៀវ Chelsea កំពុងស្វែងរកអ្នកចាត់ការថ្មី ខណៈលោក Antonio Conte មានគម្រោងដើរចេញពី Stamford Bridg នៅពេលចប់រដូវកាលនេះ។
កិច្ចសន្យារបស់ Conte មិនទាន់អស់នៅឡើយទេនៅឆ្នាំក្រោយ ប៉ុន្តែបុរសវ័យ៤៨ឆ្នាំបានត្រៀមខ្លួនរួចរាល់ដើម្បីចាកចេញ។ សំនួរសួរថា តើនរណានឹងមក Chelsea ប្រសិនអ្នកចាត់ការសញ្ជាតិអ៊ីតាលីខាងលើចេញពីក្លឹប?
Max Allegri អ្នកចាត់ការ Juventus និង Luis Enrique ដែលលាលែងពី Barclona ឆ្នាំមុនគឺជាបេក្ខភាពឈានមុខគេ ថានឹងអាចមកជំនួស Conte។ ចំណែកលោក Maurizio Sarri ដែលកំពុងត្រួសត្រាយ Napoli ឈរលើកំពូលតារាង Serie A បច្ចុប្បន្ន ក៏ស្ថិតក្នុងការពិចារណារបស់ Chelsea ខណៈលោក Diego Simeone ពិបាកអូសចេញពី Atletico Madrid ណាស់។
មូលហេតុតោខៀវចាប់អារម្មណ៍ Allegri ព្រោះលោកបាននៅដឹកនាំ Juventus ៣ ឆ្នាំជួយឈ្នះពាន៣ដង និងនាំក្លឹបឡើង Champions League វគ្គផ្ដាច់ព្រ័ត្រដល់ទៅ២ដង។ Allegri សញ្ជាតិអ៊ីតាលីបានចុះកុងត្រាថ្មីជាមួយ Juventus ពីឆ្នាំមុន ដែលតម្រូវឲ្យលោកត្រូវនៅទីក្រុង Turin ដល់ឆ្នាំ២០២០។ តែបុរសវ័យ៥០ឆ្នាំក៏មានមហិច្ឆតាទៅដឹកនាំក្រៅប្រទេសដែរ។
ចំពោះលោក Luis Enrique ដែលកំពុងគ្មានការងារធ្វើ គ្រាដឹកនាំ Barcelona ៣ឆ្នាំ លោកធ្លាប់ជួយក្លឹបឈ្នះពាន La Liga ២ដង និង Champions League ម្ដង៕
ប្រភពពី៖ dailymail