អតីតវីរៈបុរសរបស់ក្រុមជម្រើសជាតិ អ៊ីតាលី លោក Fabio Cannavaro បានជ្រើសរើសយកអ្នកដែលគួរឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំនេះ ហើយលោកជឿជាក់យ៉ាងមុតមាំថា ពានរង្វាន់មួយនេះគួរតែបានទៅលើខ្សែប្រយុទ្ធរបស់ក្រុម អាហ្សង់ទីន និង Barcelona កីឡាករ Lionel Messi, ព្រោះថាប្រធានក្រុមរូបនេះពិតជាធ្វើបានល្អមែនទែននៅក្នុងព្រឹត្តិការណ៍ Copa America ២០២១។

Fabio Cannavaro
Fabio Cannavaro

ជាការពិតណាស់ Messi បានឈ្នះពានរង្វាន់កម្រិតអន្តរជាតិជាលើកដំបូងជាមួយក្រុម ពពកស បន្ទាប់ពីពួកគេបានបំបាក់ក្រុមម្ចាស់ផ្ទះប្រេស៊ីល នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១ ទល់នឹង ០, ក្នុងនោះបុរសវ័យ ៣៤ ឆ្នាំពិតជាដើរតួសំខាន់មែនទែន ទាំងការស៊ុតបញ្ចូលទី និង បញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅ, ម្យ៉ាងទៀតគាត់បានជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ផងដែរ។

Lionel Messi
Lionel Messi

Cannavaro ដែលជាម្ចាស់ពាន Ballon d’Or នៅឆ្នាំ ២០០៦, បន្ទាប់ពីជួយឱ្យក្រុម អ៊ីតាលី ឈ្នះជើងឯក World Cup នៅឆ្នាំនោះ បានបង្ហាញក្តីជឿជាក់ថា Messi ពិតជាស័ក្តិសមទទួលបានពានកិត្តិយសមួយនេះខ្លាំងណាស់ ព្រោះថាគាត់តែងតែបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនៅលើទីលាន។

ថ្លែងប្រាប់គេហទំព័រ Tuttosport អតីតជើងចាស់របស់ក្រុម អាហ្សូរី លោក Cannavaro បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ គាត់ជាកីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ ១ គ្រប់ពេលវេលា ហើយគាត់ពិតជាបង្ហាញខ្លួនអស្ចារ្យមែនទែន នៅក្នុងព្រឹត្តិការណ៍ Copa America៕