លោក Jamie Carragher បានចុចឈ្មោះយកក្រុម Manchester City ថាជាក្រុមដែលអាចបំបាក់ក្រុមដៃគូប្រកួតប្រជែងដូចជា Chelsea, Liverpool និង Manchester United ហើយអាចគ្រងជើងឯកពានរង្វាន់ Premier League នៅរដូវកាលនេះបានទៀតផង។

Jamie Carragher
Jamie Carragher

ក្រុមម្ចាស់ការពារតំណែងជើងឯកបានទទួលលទ្ធផល ២ ទល់នឹង ២ ជាមួយក្រុម Liverpool ដែលធ្វើការប្រកួតនៅទឹកដី Anfield កាលពីថ្ងៃ អាទិត្យ កន្លងទៅ, ខណៈកាលពីសប្តាហ៍មុនពួកគេពិតជាធ្វើបានល្អមែនទែន ដោយបានបំបាក់ក្រុមជើងឯក Champions League ដល់ក្នុងដី ក្នុងលទ្ធផល ១ ទល់នឹង ០។

ក្រោយការប្រកួតសប្តាហ៍ទី ៧ បានបញ្ចប់ ឥឡូវនេះក្រុម Chelsea កំពុងឈរនៅលើកំពូលតារាងជាបណ្តោះអាសន្ន រីឯក្រុម Liverpool វិញកំពុងឈរនៅលេខរៀងទី ២ តាមពីក្រោយក្រុម តោខៀវ តែ ១ ពិន្ទុប៉ុណ្ណោះ, ចំណែកឯ Man City និង Man UTD ពួកគេមានពិន្ទុស្មើគ្នា កំពុងឈរនៅតំណែងលេខ ៣ និង លេខ ៤។

ទោះបីជាយ៉ាងណាក៏ដោយសម្រាប់លោក Carragher យល់ថា ក្រុមរបស់លោក Pep Guardiola គឺពិតជាស័ក្តិសមបំផុតក្នុងការឈ្នះពានរដូវកាលនេះ។

ថ្លែងប្រាប់សារព័ត៌មាន Sky Sports លោក Carragher បានមានប្រសាសន៍ថា៖ក្រុម Manchester City គឺជាក្រុមដែលអាចបំបាក់ក្រុមដ៏ទៃបាន។ កាលពីសប្តាហ៍មុន ពួកគេបានលេងទល់នឹងក្រុម Chelsea ហើយខ្ញុំគិតថា នោះជាការប្រកួតដ៏ធំបំផុតមួយ។

ពួកគេបានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុង ហើយថ្ងៃនេះទៀតសោត ការប្រកួតក៏ដូចពេលមុនៗដែរ ជាពិសេសគឺនៅវគ្គទី ១ ពួកគេពិតជាធ្វើបានល្អខ្លាំងណាស់។ ពួកគេគឺជាក្រុមដែលអាចបំបាក់ក្រុមទាំងនោះបាន៕