Ajax បាន​បន្ត​កុងត្រា​ជាមួយ​លោក Edwin van der Sar រហូត​ដល់​ឆ្នាំ​២០២៣ ថ្វី​បើ​មាន​ព័ត៌មានចចាមអារ៉ាម​ថា​មាន​ការចាប់អារម្មណ៍​ពី​ក្លឹប Manchester United ក៏​ដោយ។

photo of Edwin van der Sar
លោក Edwin van der Sar

លោក Edwin van der Sar បាន​ចុះ​កុងត្រាថ្មី​ដែល​មាន​សុពល​ភាព ៤ឆ្នាំ​​ក្នុងតួនាទីជា​អ្នក​ចាត់​ការ​ទូទៅ​​របស់​​ក្លឹប Ajax ដែល​ហាក់​ដូចជា​បានបញ្ចប់​នូវ​ឱកាស​វិល​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្លឹប Manchester United វិញ។

លោក Van der Sar បាន​វិល​ត្រឡប់​មក​ក្លឹប​ហូឡង់​មួយនេះ​វិញ​កាលពីឆ្នាំ​២០១២ ជាក្លឹប​ដែល​លោក​ធ្លាប់​លេង​កាល​នៅជា​កីឡាករ​។ លោក​បានចាប់​ផ្ដើម​ក្នុងតួនាទីជា​នាយក​ផ្នែកទីផ្សារ​មុន​នឹង​ឡើង​មកកាន់​តួនាទីថ្នាក់​ដឹកនាំ​សំខាន់​នាពេល​បច្ចុប្បន្ន​​នៅ​ ៤ឆ្នាំ​ក្រោយមក។

photo of Edwin van der Sar
លោក Edwin van der Sar

ចាប់តាំងពីពេល​ដែល​លោក Van der Sar ទទួល​តួនាទី​ដ៏សំខាន់​នោះមក ក្លឹប Ajax បាន​ឈាន​មួយ​ជំហាន​យ៉ាងធំ​ឆ្ពោះ​ទៅកាន់​ភាព​ល្បីល្បាញ​ក្នុង​នាមជា​ក្លឹប​ធំមួយ​របស់អឺរ៉ុប​ដូចកាល​ដែល​អតីត​អ្នក​ចាំ​ទី​រូប​នេះ​​កំពុងបង្ហាញ​សមត្ថភាពលើទីលាន​ប្រកួត​ក្នុងអំឡុង​ទសវត្សរ៍ទី៩០។

អតីត​អ្នកចាំទីរូបនេះ​បានសរសេរ​នៅ​លើបណ្ដាញសង្គម Twitter របស់ខ្លួន​ថា៖ “ខ្ញុំរីករាយ​ណាស់​ដែល​បានបន្ត​កុងត្រា​ជាមួយ​ក្លឹប​ដ៏ស្រស់ស្អាតមួយនេះ។ យើង​ក៏​ធ្លាប់​បាន​ឆ្លង​កាត់​ពេល​វេលា​ដ៏​លំបាកដែរ ប៉ុន្តែ​ពេលវេលា​រីករាយ​បាន​វិល​ត្រឡប់​មកវិញហើយ។ ហើយ​យើង​ត្រូវការ​ឱ្យ​មាន​ពេលវេលា​រីករាយ​ឱ្យ​កាន់​ច្រើនឡើង​​ថែមទៀតនាពេល​អនាគត”។

ដោយសារ​តួនាទីដឹកនាំ​របស់​លោក Van der Sar បាន​ញ៉ាំង​ឱ្យ​លោក​ក្លាយជាទីចាប់អារម្មណ៍​របស់​អតីត​ក្លឹប​ដែលលោក​ធ្លាប់លេងជាអ្នកចាំទី គឺ​ក្លឹប Manchester United ពេល​ដែល​អនុប្រធាន​ក្លឹបគឺ​លោក​ Ed Woodward មាន​ព័ត៌​មាន​ថា​កំពុង​ស្វែង​រក​នាយក​គ្រប់គ្រង​ផ្នែក​កីឡា​បាល់ទាត់​កាលពីឆ្នាំ​២០១៨។

យ៉ាងណាមិញ ក្លឹប Manchester United បាន​ផ្ដល់ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការ​ស្វែងរក​បុគ្គល​ស័ក្ដិសម​មក​កាន់តួនាទីមួយនេះ ដោយពេល​នេះ គេដឹងយ៉ាងច្បាស់ហើយថា​លោក Van der Sar លែងជាជម្រើស​មួយ​សម្រាប់តួនាទីនេះតទៅទៀតហើយ៕