លោក Freddie Ljunberg ខឹងខ្លាំងនឹងកូនក្រុម Arsenal មួយរូបក្រោយចាញ់ Man City
អ្នកចាត់ការបណ្តោះអាសន្នរបស់ក្រុមកាំភ្លើងធំ Arsenal គឺលោក Freddie Ljunberg បានបង្ហាញការអាក់អន់ចិត្តជាខ្លាំង ជុំវិញកាយវិការមិនសមរម្យរបស់ Mesut Ozil ក្រោយត្រូវបានប្តូរចេញនៅការប្រកួតទល់ក្លឹប Manchester City កាលពីយប់មិញ។

Arsenal បានបរាជ័យក្នុងដីនៅលទ្ធផល ៣-០ ក្រោយការសម្រេចទីដ៏ល្អរបស់ Kevin de Bruyneនិងខ្សែប្រយុទ្ធស្លាប Raheem Sterling។
លោក Freddie បាននិយាយប្រាប់ Sky Sport ក្រោយបិទការប្រកួតថា៖ “សម្រាប់ខ្ញុំ ការដែលខ្ញុំប្តូរ Mesut ចេញ ព្រោះចង់បានថាមពលបន្ថែមទៀតក្នុងក្រុម ហើយខ្ញុំក៏គិតថា Emile ធ្វើបានល្អដែរពេលគេត្រូវបានប្តូរចូល”។


លោកសង្កត់ធ្ងន់៖ “អ្វីដែល Mesut ចង់បង្ហាញគឺតាមតែគាត់ចុះ ហើយរឿងទាំងនោះយើងនឹងដោះស្រាយនៅពេលក្រោយ បែបនេះទៅថ្ងៃខាងមុខបែបណាក៏យើងនឹងបានឃើញដែរ គ្រាន់ថាអ្វីដែលខ្ញុំចង់បានគឺចង់ឲ្យកីឡាករដើរនៅផ្លូវដែលត្រូវតែប៉ុណ្ណោះ”៕