លោក Joan Laporta ថាពិតជាចង់ឲ្យ Messi ត្រឡប់មកវិញខ្លាំងណាស់
ប្រធានក្លិប Barcelona លោក Joan Laporta បានលើកឡើងថា លោកពិតជាសប្បាយរីករាយណាស់ប្រសិនបើ Lionel Messi ទាក់ទងមកលោកអំពីការចង់វិលត្រឡប់មកកាន់កីឡដ្ឋាន Camp Nou វិញ។

ជាការពិតណាស់ Messi បានចាកចេញពី Barcelona ដើម្បីផ្លាស់ទៅកាន់ PSG ដោយគ្មានតម្លៃខ្លួនកាលពីដើមរដូវកាល ប៉ុន្តែ មកទល់ពេលនេះគ្រប់យ៉ាងហាក់ផ្ទុយស្រឡះពីការរំពឹងទុក បន្ទាប់ពីរូបគេត្រូវបានអ្នកគាំទ្រស្រែកជេរប្រមាថខ្លាំងៗក្រោយមិនអាចជួយក្រុមឡើងទៅកាន់វគ្គបន្តនៃក្របខណ្ឌ Champions League បាន។
មូលហេតុនេះហើយក៏កើតចេញជាពាក្យចចាមអារ៉ាម ថា កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើ អាចនឹងត្រឡប់មកកាន់ទឹកដីអេស្ប៉ាញវិញក្រោយបញ្ចប់រដូវកាលនេះ។
នៅក្នុងកិច្ចសម្ភាសមួយជាមួយអ្នកកាសែត ដែលបានសាកសួរលោក Laporta ថាសាកស្រមៃមើលប្រសិនបើថ្ងៃណាមួយ Messi ទាក់ទងមកលោក ថា គេចង់ត្រឡប់មកកាន់ Barcelona វិញណាស់ ដូច្នេះតើលោកនឹងឆ្លើយតបទៅវិញយ៉ាងម៉េច?
លោក Laporta បានឆ្លើយទៅវិញថា៖ “តោះយើងនិយាយគ្នា Messi។ ខ្ញុំពិតជាសប្បាយចិត្តរីករាយខ្លាំងណាស់ប្រសិនបើវាកើតឡើងមែន”៕